សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបានឧបត្ថម្ភថវិកាជូនក្រុមគ្រួសារសពយោធិនដែលបានពលីជីវិត និងអ្នករងរបួស ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅក្នុងខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ
289

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានចាត់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារយោធិនចំនួន២០នាក់ដែលពលីជីវិត និងយោធិនមួយ ចំនួនទៀតដែលបានរងរបួស ដោយឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤។

ក្នុងនាម កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រីព្រះវររាជ មាតាជាតិ ខ្មែរគង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដោយក្តីសោក ស្តាយ ឥតឧបមា ចំពោះក្រុមគ្រួសារសពយោធិនទាំង២០នាក់ ដែលបានពលីជីវិតដោយ ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ក្នុងខេត្តកំពង់ស្ពឺ កាកបាទក្រហមកម្ពុជាបាន ឧបត្ថម្ភសម្ភារមួយចំនួន និងថវិកាក្នុង១គ្រួសារ ២០លានរៀល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិតជាមានក្ដីរន្ធត់ ក្ដុកក្ដួលយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ដែលបង្កឱ្យយោធិនចំនួន ២០រូប បានពលីជីវិត និងយោធិនមួយ ចំនួនទៀតបានរបួស។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្តួលនេះ សូមសម្តែងនូវ ការសោកស្តាយយ៉ាង ក្រៃលែង និងក្តីអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារសព ចំពោះមរណភាពយោធិន ទាំង២០រូប មិនត្រឹមតែជាការបាត់បង់ ឧត្តមស្វាមី ឪពុក និងញាតិមិត្តជាទីគោរព ស្រឡាញ់ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់វីរយុទ្ធជនកម្ពុជាដ៏ឆ្នើម មានសេចក្តី មោះមុត អង់អាច ក្លាហានមួយរូប ដែលបានលះបង់ អាយុជីវិត ក្នុងបេសកកម្មបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាព ទឹក ដី។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរយោធិន និងជនរង គ្រោះទាំងអស់ឆាប់បានជាសះស្បើយ។

បន្ទាប់ពីអញ្ជើញគោរពវិញ្ញាណក្ខន្ធសពយោធិនទាំង២០រូបរួចមក គណៈប្រតិភូ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខអ្នករងរបួសចំនួន១២នាក់ ដោយក្នុង១គ្រួសារ ទទួលបាន ថវិកា១០លានរៀល។ ដោយឡែកនាយទាហានដែលឈរប្រចាំការ ក្នុងកម្មវិធីមានបញ្ហា សុខភាពក៏ទទួលបានថវិកាមួយចំនួនផងដែរ៕

ប្រភព៖ ក្រសួងព័ត៍មាន


Telegram