សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ ៧ចំនុចជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន
ព័ត៌មានជាតិ
152

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអនុសាសន៍ ៧ចំនុច ជូនក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ ចំពោះការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួននៅតែបន្តមានដោយសារចំណេះដឹងមូលដ្ឋាន និងបទពិសោធន៍ការងាររបស់អ្នកសារព័ត៌មានឯកជនមួយចំនួន នៅមានកម្រិត គួបផ្សំនឹងតម្រូវការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ការថ្លែងនេះក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ នា ថ្ងៃទី៣ ខែឱសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណឋេត បានគូសបញ្ជាក់ថា ក្នុងវិស័យព័តមាននិងសោតទស្សន៍ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិ សម្តេចសូមផ្តល់នូវអនុសាសន៍មួយចំនួន ដោយក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់៖

ទី១. លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សានូវក្រមសីលធម៌ និងគុណភាពការងារ។ ក្រសួងព័ត៌មានសូមជំរុញដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាលវិក្រឹតការ និងវិជ្ជាជីវៈសារព័ត៌មាន។ សម្រាប់ជំហានបន្ទាប់ សូមប្រែក្លាយទៅជាវិទ្យាសា្ថនជាតិសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដូចនេះសូមធ្វើការសិក្សាលើការរៀបចំពីពេលនេះតទៅ ។

ទី២. ពិនិត្យឡើងវិញលើលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយដែលនៅជាធរមាន ដើម្បីរៀបចំធ្វើវិសោធនកម្ម ឬរៀបចំថ្មី ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម និងត្រូវ លើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ នៃវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

ទី៣. រៀបចំធម្មនុញ្ញសារព័ត៌មាន ដែលជាឯកសារគោលក្នុងការកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់​តម្លៃ​នៃ​វិជ្ជាជីវៈ​។

ទី៤. រៀបចំកំណត់គោលការណ៍ណែនាំស្តីពីការផលិតមាតិកា និងផ្សព្វផ្សាយរបស់អ្នកកាសែតប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យលើបណ្តាញសង្គម។

ទី៥. រៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នកសារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈ។

ទី៦. លុបអាជ្ញាបណ្ណវិទ្យុ ទូរទស្សន៍ដែលឈប់ដំណើរការ និងមិនដំណើរការផ្សាយដើម្បីរៀបចំហ្វ្រេកង់ស៍សម្រាប់បង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិ និងរៀបចំស្តង់ដាវិទ្យុអែហ្វអ៊ឹម ចៀសវាងការឆ្លងរំខានហ្វ្រេកង់ស៍ជាមួយវិទ្យុទាក់ទងបញ្ជាយន្តហោះ និងបង្កើនគុណភាពការផ្សាយ។

ទី៧. ជំរុញការរៀបចំបង្កើតថ្នាលទូរទស្សន៍ជាតិ នៅត្រីមាសទី២ ឆ្នាំ២០២៤ ឱ្យបានទាន់ពេលវេលា ស្របតាមការតាំងចិត្តរួមរបស់ប្រទេសតំបន់អាស៊ាន ក្នុងការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងបិទការផ្សាយទូរទស្សន៍អាណាឡូកនៅឆ្នាំ២០២៥។

ប្រភព៖ ក្រសួងព័ត៌មាន


Telegram