ក្រុមហ៊ុនធំៗ ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងក្នុងពិព័រណ៍ការងារនៅអគារ KAMPUS
ព័ត៌មានជាតិ
321

នៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នា គឺនាថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នេះ នៅអាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥៤០០ នាក់។ ពិព័រណ៍ការងារដ៏ធំនេះ នឹងត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។

យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចចូលរួមទស្សនាដោយសេរី ដើម្បីរស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន/សហគ្រាសធំៗជាច្រើនដែលនឹងទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗក្នុងមុខតំណែង និងជំនាញជាច្រើន។ អ្នកចូលរួមក៏អាចទទួលបានគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងដែលមានការចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ជាច្រើនរូបផងដែរ។

លោក ចាប់ ចំណាន មន្ត្រីទំនាក់ទំនងដៃគូពាណិជ្ជករនៅធនាគារ Wing ដែលបានចូលរួមក្នុងពិព័រណ៌ការងារនៅ KAMPUS កាលពីឆ្នាំ ២០២៣ កន្លងទៅ ហើយបានសម្ភាសការងារជាប់ជាមួយធនាគារ Wing បានលើកឡើងថា លោកបានចូលរួមក្នុងពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព កាលពីឆ្នាំ២០២៣ ហើយបានទទួលការប្រឹក្សាយោបល់ពីមន្ត្រី NEA និងទទួលបានគន្លឹះជាច្រើនក្នុងការត្រៀមខ្លួនដាក់ពាក្យរកការងារ។ ជាលទ្ធផល លោក ចំណាន បានសម្ភាសជាប់ការងារភ្លាមៗជាមួយធនាគារ Wing នាពេលនោះតែម្តងដែរ។

លោកបន្ថែមថាព្រឹត្តិការណ៍ពិព័រណ៍ការងារ និងមគ្គុទេសអាជីព បានផ្តល់សារៈប្រយោជន៍ជាច្រើនដល់យុវជនដូចជា ការផ្តល់ចំណេះដឹង ផ្តល់ជាឱកាសការងារជាច្រើនកន្លែងជូនទៅដល់បងប្អូនដែលកំពុងស្វែងរកការងារ និងផ្តល់ជាការប្រឹក្សាយោបល់ជូនទៅដល់ប្អូនៗនិស្សិតដើម្បីតម្រង់ទិសការងារ។ លោក អំពាវនាវ ឲ្យយុវជនដែលចង់បានការងារឆាប់រហ័ស សូមអញ្ជើញទៅចូលរួមឲ្យបានច្រើនកុះករ។

ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


Telegram