ប្រធានគ.ជ.ប ៖ ដំណើរបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ មានភាពល្អប្រសើរ
ព័ត៌មានជាតិ
144

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ចាប់ពីម៉ោង៧ព្រឹក ការិយាល័យបោះឆ្នោតទាំង២០៩ការិយាល័យ ចាប់ផ្តើមដំណើរការ ហើយមានការិយាល័យមួយចំនួននៅតាមរាជធានី ខេត្ត បានបោះរួចរាល់ហើយ។ ការបញ្ជាក់នេះ នៅពេលអញ្ជើញចុះពិនិត្យមើលដំណើរការបោះឆ្នោតនៅសាលាបឋមសិក្សាទួលគោកនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបន្តថា “ដំណើរបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ មានភាពល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់។ ការរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរបានជួយរៀបចំសណ្តាប់ធ្នាប់បានល្អប្រសើរ។

សូមជម្រាបការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ហើយនៅវេលាម៉ោង ៧:០០ ព្រឹក ការិយាល័យបោះឆ្នោតទាំងអស់ ត្រូវបើកដំណើរការព្រមៗគ្នា ដើម្បីទទួលឱ្យអ្នកបោះ ឆ្នោតចូលមកបោះឆ្នោត តាមនីតិវិធី។

អ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កា ត់ក្នុងមុខតំណែងទាំងអស់ ហើយឯកសារដែលត្រូវប្រើសម្រាប់ការបោះឆ្នោត គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬបណ្ណសម្គាល់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ អ្នកបោះឆ្នោតដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត នៃការិយាល័យបោះឆ្នោតណា ត្រូវទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតនោះ។

អ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមានសិទ្ធិបោះឆ្នោតចំនួន ២ដង ដោយលើកទីមួយ អ្នកបោះឆ្នោ ត នឹងត្រូវទទួលសន្លឹកឆ្នោតដែលមានពណ៌ផ្ទៃមេឃ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុ ក ខណ្ឌ ហើយសន្លឹកឆ្នោតនេះត្រូវដាក់ទៅក្នុងហិបឆ្នោតដែលស្ថិតនៅលើតុអនុប្រធានការិយាល័យបោះឆ្នោត រួចហើយ ទើបគាត់ទទួលបានសន្លឹកឆ្នោតមួយសន្លឹកទៀតដែលមានពណ៌ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ហើយដែលត្រូវដាក់ចូលទៅក្នុងហិបឆ្នោតដែលស្ថិតនៅលើតុសមាជិកទី១។ អ្នកបោះឆ្នោត តម្រូវឱ្យជ្រលក់ម្រាមដៃចូលក្នុងទឹកខ្មៅលុបមិនជ្រះ នៅក្រោយពេលគាត់បានបោះឆ្នោតទាំងពីរសន្លឹកនេះរួច។ ការបោះឆ្នោត នឹងត្រូវ បន្តរហូតដល់អស់អ្នកដែលត្រូវមកបោះឆ្នោត ឬករណីមានអ្នកមកបោះឆ្នោតជាបន្តបន្ទាប់ ការិយាល័យបោះឆ្នោតនឹងត្រូវដំណើរការរហូតដល់ម៉ោង ៣:០០រសៀល។ នៅពេលអ្នកបោះឆ្នោតចុងក្រោយបានបោះឆ្នោតរួច និងបានចេញផុតពីការិយាល័យបោះឆ្នោត ប្រធាន គ.ក.ប នឹងត្រូវប្រកាសបិទការិយាល័យបោះឆ្នោត ដើម្បីចាត់ចែងពិនិត្យផ្ទៀងផ្ទាត់ បំពេញសំណុំឯកសារតាមទម្រង់នានា និងអនុវត្តនីតិវិធីផ្សេងទៀត តាមការកំណត់ដោយ គ.ជ.ប ក្រោមការតាមដាន ឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ និង អ្នកសង្កេតការណ៍បោះឆ្នោត៕


Telegram