កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ សម្រាប់បំរើការងារនៅ២៥ខេត្ត-ក្រុង ដោយចាប់ផ្តើម ចែកពាក្យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ និង ទទួលពាក្យ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។
សេចក្តីជូនដំណឹងដដែលនេះបាននិយាយអំពី លក្ខខណ្ឌនៃការជ្រើសរើស៖
១. មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ) ២. មានអាយុពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ ៣. មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ ៤. មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ ៥. មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត្រ ៦. មានកម្ពស់ចាប់ពី ១.៧០ម (មួយម៉ែត្រចិតសិប)ឡើងទៅ ៧. បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យ លក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព ៨. បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ ដោយត្រូវឆ្លងកាត់ការត្រួតពិនិត្យឈាម,កាយសម្បទា និងទឹកមូត្រ ។
ចំពោះអ្នកដែលមានបំណងចង់ចូលបំរើការងារក្នុងកងរាជអាវុធហត្ថនេះ ត្រូវមកទំនាក់ទំនងនិងទទួលយកឯកសារ ដោយឥតគិថ្លៃ និងដាក់ពាក្យចុះឈ្មោះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥។
យ៉ាងណាក៏ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនបានបញ្ជាក់អំពីបរិមាណនៃយោធិន ដែលត្រូវជ្រើសរើសនោះថាមានចំនួន ប៉ុន្មានអ្នកនៅឡើយទេ៕