សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងការបើកការដ្ឋានគម្រោងពែ្រកជីកហ្វូនណនតេជោ
ព័ត៌មានជាតិ
154

នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផត ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ឱ្យកាន់តែរីកចម្រើនថែមទៀត ។ ដោយឡែក កំពង់ផែពហុបំណងកំពតនេះ គឺត្រូវចាត់ទុកថា នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើប និងមានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ។ កំពង់ផែពហុបំណងកំពត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចឯកភាពជាគោលការណ៍ឱ្យក្រុមហ៊ុនកំពតផតធ្វើការវិនិយោគ បច្ចុប្បន្ន ក្រុមហ៊ុនកំពតផតក៏ទទួលបានលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និង ដឹកជញ្ជូនផងដែរ ។ ទោះបីជាកំពង់ផែពហុបំណងកំពត គឺជាការបោះទុនវិនិយោគដោយវិស័យឯកជន ដែលមានក្រុមហ៊ុន កំពតផត ជាអង្គភាពគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម និងទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍកំពង់ផែនេះ ក៏ពិតមែន ក៏កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ ។

ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពប្រទាក់ក្រឡានៃការរៀបចំផែនការមេអភិវឌ្ឍន៍រាជធានី ខេត្ត ប្រកបដោយសហថាមពល ស្របតាមសក្ដានុពលនៃរាជធានី ខេត្តនីមួយៗ និងមិនមានការប្រកួតប្រជែងនឹងគ្នា ដែលនឹងជួយជំរុញការអភិវឌ្ឍនៅមូលដ្ឋានរាជធានី ខេត្ត បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឈានទៅសម្រេចបានចក្ខុវិស័យរបស់កម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។ ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បាន ប្រកាសកំណត់យកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្នុងការបើកការដ្ឋានគម្រោងពែ្រកជីកហ្វូនណនតេជោ ដែលព្រែកជីកនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រាប់កម្ពុជា ដែលនឹងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានឯករាជ្យភាពលើការដឹកជញ្ជូន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅខេត្តទិសនិរតិ ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីកសាងឱ្យបានព្រែកជីកប្រវត្តិសាស្ត្រក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់បានឃើញគម្រោងព្រែកជីកនេះក្លាយជាសមិទ្ធផលជាក់ស្ដែងនៅលើដី។ សម្តេចធិបតី ក៏បានអរគុណដល់ប្រជាពលរដ្ឋកម្ពុជា ទាំងនៅទូទាំងប្រទេស ក៏ដូចជានៅទូទាំងពិភពលោក ដែលចូលរួមបង្ហាញជំហរគាំទ្រគម្រោងប្រវត្ដិសាស្ដ្រ ដើម្បីប្រយោជន៍ជាតិមួយនេះ យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយអំពាវនាវឱ្យបន្តចូលរួមរហូតដល់គម្រោងនេះលេចចេញជារូបរាងទ្បើង និងរួចរាល់ជាស្ថាពរ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអំណរគុណចំពោះថ្នាក់ដឹកនាំ បុគ្គលិក កម្មករ-និយោជិតក្រុមហ៊ុនកំពតផត ដែលបានខិតខំបម្រើសេវាកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យកំពង់ផែពហុបំណងកំពតនេះ មានតួនាទីកាន់តែសកម្ម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន និងបន្តទៅអនាគត ។ ទន្ទឹមនេះ សម្តេចធិបតី បានអរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តកំពត ក្រសួង-ស្ថាប័ន និង គ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អ ជាមួយក្រុមហ៊ុនកំពតផត ក្នុងការសម្រេចបាននូវសមិទ្ធផលកំពង់ផែពហុបំណងកំពតនេះ ៕


Telegram