គិតត្រឹមព្រឹកថ្ងៃទី១៩នេះ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគ ប្រមាណជាង ២លាន ៧៣ម៉ឺនដុល្លារ
ព័ត៌មានជាតិ
311

បន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកជាផ្លូវការយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅលើទឹកដីក្រុងអង្គរនៃខេត្តសៀមរាបមក, សប្បុរសជនពីគ្រប់ទិសទីបាន និងកំពុងបន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ដើម្បីគាំទ្រយុទ្ធនាការកៀរគរការបរិច្ចាគប្រចាំឆ្នាំដ៏សំខាន់មួយនេះ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

លោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ, មានសប្បុរសជនសរុបចំនួនប្រមាណ ១៦ម៉ឺន ៤ពាន់នាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ដោយទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ២ លាន ៧៣ម៉ឺនដុល្លារ។

ក្រៅពីចូលរួមបរិច្ចាគ, សប្បុរសជនមួយចំនួនក៏បានចូលរួមផ្សព្វផ្សាយបន្ត ទាំងក្នុងលក្ខណៈជាបុគ្គលផ្ទាល់ និងតំណាងអង្គភាពនីមួយៗ។ ការផ្សព្វផ្សាយពីយុទ្ធនាការនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គភាពសារព័ត៌មានានា, ក្រុមហ៊ុន-សហគ្រាស, ធនាគារដៃគូរបស់មូលនិធិ, បុគ្គលមានប្រជាប្រិយ និងតារាសម្ដែងផងដែរ។

ស្របពេលជាមួយគ្នានេះ, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាន និងកំពុងបំផុសចលនាកៀរគរការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ដែលផ្ដួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។

សូមរំលឹកជូនថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ មានគោលបំណង២ សំខាន់ៗ គឺ ១. ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និង ២. ដើម្បីរំលឹក និងបំផុសចលនាកៀរគរការបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងន័យរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប។ យុទ្ធនាការនេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ដែលមានន័យថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ នៅមានរយៈពេល ១៥ថ្ងៃទៀត មុននឹងដល់ថ្ងៃបិទបញ្ចប់។ ក្នុងន័យនេះ, សប្បុរសជនដែលមានបំណងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមមេត្តាចូលរួមផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬតាមរយៈលេខគណនី ដូចមានក្នុងរូប។ ដោយ៖ កន ចំណាន


Telegram