សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ
ព័ត៌មានជាតិ
77

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជារយៈពេល ៤៧ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះ ស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត និងបក្ខពួក។ ការៀបចំពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូ ធ្វើឡើងនៅតំបន់ប្រវត្តិ សាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ពិធីរំលឹកដល់ព្រឹត្តិការណ៍នៃដំណើរតស៊ូរំដោះជាតិ របស់សម្តេចតេជោ និងយុទ្ធមិត្តកាលពី៤៧ឆ្នាំមុននោះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធខួបលើកទី៤៧នៃដំណើរឆ្ពោះទៅរកការរំដោះជាតិនាពេលនេះ ជាស្មារតីចងចាំជានិច្ច ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និង គុណ បំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជា ពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់ យុទ្ធជន-យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បាននាំឱ្យកម្ពុជា អាចរំដោះមាតុភូមិដ៏កម្សត់ពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងរបស់ប៉ុលពត និងនាំឱ្យកម្ពុជាកសាងបានសុខសន្តិ ភាព ស្ថិរភាពសង្គមជាតិ និង ការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក ក៏ដូចជា ប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និង កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានធ្វើពលិកម្មដ៏ធំធេង រហូតដល់ការសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និង ប្រជាជនកម្ពុជា៕


Telegram