រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កេតឃើញថា ថ្មីៗនេះមានការផ្សព្វផ្សាយ និងចែករំលែកក្នុងបណ្តាញសង្គមយ៉ាងផុសផុល អំពីការប្រទះឃើញផ្សោតឬត្រីដូហ្វីនពណ៌ផ្កាឈូក នៅសមុទ្រកម្ពុជា ត្រង់ចំណុចពាក់កណ្តាលផ្លូវកំពង់សោម និងកោះរ៉ុង ដោយភ្ជាប់នូវរូបភាពសត្វផ្សោតឃ្លៀច (ផ្សោតពណ៌ផ្កាឈូក) ដែល មានប្រភពមិនច្បាស់លាស់។
ករណីនេះរដ្ឋបាលជលផលសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងសមុទ្រ កម្ពុជាមានផ្សោតឃ្លៀចឬផ្សោតផ្កាឈូក (Indo-Pacific humpbacked dolphin - Sousa chinensis) ដែលហែលជា ហ្វូងជាមួយប្រភេទផ្សោតសមុទ្រដទៃទៀត។
ហ្វូងផ្សោតទាំងនោះតែងតែមានវត្តមានក្នុងសមុទ្រនៃខេត្តកែប កំពត ប្រជុំ កោះរ៉ុង នៃខេត្តព្រះសីហនុ និងខាងមុខពាមក្រសោបនៃខេត្តកោះកុង។
រដ្ឋបាលជលផលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវការចូលរួមផ្សព្វផ្សាយអំពីធនធានជលផលសមុទ្រ ដ៏មានតម្លៃរបស់យើង ដើម្បីទាក់ទាញទេសចរណ៍មកកំសាន្តឱ្យកាន់តែច្រើន។ ប៉ុន្តែរដ្ឋបាលជលផលស្នើសុំបងប្អូនដែល ប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយ ត្រូវប្រើប្រាស់ព័ត៌មាន និងរូបភាពជាក់ស្តែងក្នុងសមុទ្រយើងផ្ទាល់ កុំប្រើប្រាស់ រូបភាពមិនមានប្រភពច្បាស់លាស់ រូបភាពពីក្រៅប្រទេស ឬរូបភាពកែច្នៃ ដូចករណីផ្សោតឃ្លៀចដែលបាន និងកំពុង ចែកចាយតៗគ្នានេះ។
ការប្រើរូបភាពដែលមានប្រភពពីក្រៅប្រទេសឬមិនច្បាស់លាស់ នាំឱ្យមានការភ័ន្តច្រឡំ ដូចនេះ សូមអ្នកផ្សព្វផ្សាយ និងចែករំលែក មេត្តាលុបចេញ។