ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក លើកគ្នាទៅកា...ប់គេ កា....ប់មនុស្សមិនបាន កា...ប់ម៉ូតូ តែរត់មិនរួចជា....ប់ខ្នោះរបស់សមត្ថកិច្ច
សន្តិសុខសង្គម
167

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោ បង្ក្រាបបាន ក្រោយប្រើដាវកែច្នៃកាប់បំផ្លាញម៉ូតូគេ កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ចំណុចផ្លូវបេតុងខាងមុខមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅភូមិរសួស សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ាត ម៉េងគីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅផ្ទះជួល ម្ដុំពេទ្យលោកសង្ឃ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ឌី វ៉ាន់ដេត ហៅ ដេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងនោះ សម្ភារៈខូចខាត៖ ១/ដាច់កន្ទុយម៉ូតូជាប់ជាមួយផ្លាកលេខ ២/បែកកុងទ័រម៉ូតូ ៣/បែកចង្កៀងម៉ូតូពីខាងមុខ។

ចំណែកវត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង1H-4152 មានលេខតួនិងលេខម៉ាស៊ីន5191954 (របស់ជនរងគ្រោះខូចខាតបែកកុងទ័រ, បែកចង្កៀងម៉ូតូខាងមុខ និងដាច់កន្ទុយជាប់ផ្លាក លេខ) ២/ដាវកែច្នៃប្រវែង៧៩សង់ទីម៉ែត្រចំនួន០១ដើម (របស់ជនសង្ស័យ)។

មុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទី ជនរងគ្រោះនិងមិត្តភក្តិឈ្មោះ ថន វិសាល ភេទប្រុស អាយុ២០ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង1H-4152 ចេញពីឃ្លាំងកន្លែងធ្វើការរបស់មិត្តភក្តិ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅរកទិញស្រាបៀរ ។ ពេលជនរងគ្រោះនិងមិត្តភក្តិជិះម៉ូតូម៉ាកខាងលើទៅដល់ខាងមុខ មណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏មានជនសង្ស័យឈ្មោះ ឌី វ៉ាន់ដេត និងបក្ខពួក២នាក់ទៀតទី០១ឈ្មោះ សាល ភេទប្រុស អាយុ១៧ឆ្នាំ ទី០២ឈ្មោះ ឆាង ភេទប្រុស ភេទប្រុស អាយុ១៥ឆ្នាំ បានជិះម៉ូតុ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ មិនស្គាល់ផ្លាកលេខ ប្រដាប់ដោយដាវកែច្នៃចំនួន០២ដើម ស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ ឃើញដូចនេះជនរងគ្រោះក៏បានរត់គេចខ្លួនចោលម៉ូតូ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពកាប់ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-4152 មានលេខតួនិងលេខម៉ាស៊ីន5191954 របស់ជនរងគ្រោះ បណ្តាលឱ្យដាច់កន្ទុយផ្លាកលេខខាងក្រោយ, បែកកុងទ័រ និងបែកចង្កៀងពីមុខ។

ពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវបានឃើញហេតុការណ៍នោះ ក៏ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឌី វ៉ាន់ដេត ហៅ ដេត រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួន និងបក្ខពួក០២នាក់ទៀត ទី០១ឈ្មោះ សាល ទី០២ឈ្មោះ ឆាង ពិតជាបានជិះម៉ូតូឌុបគ្នា០៣នាក់ ប្រដាប់ដោយដាវកែច្នៃចំនួន០២ដើម ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ រួចឈ្មោះ យ៉ាត ភេទប្រុស អាយុ៤៤ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) ក៏បានដាក់ពាក្យបណ្តឹងចំឈ្នោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ


Telegram