រាជធានីភ្នំពេញ ៖ បុរសម្នាក់ ហេតុតែមានចិត្តចង់ជួយមិត្តភក្តិ ឃើញចោរលួចម៉ូតូមិត្ត ក៏ជួយជិះម៉ូតូដេញតាមនិងវាយប្រតាយប្រតប់ ជាមួយចោរ បែរជាត្រូវចោរ ចាក់នឹងដែកកែច្នៃស្រួច ចំ.កហូរឈាមរហូតស្លាប់នៅទីតាំងកើតហេតុតែម្តង ។ចំណែកជនដៃដល់ និងជាចោរទាំងនោះ ក៏ប្រញាប់ជិះម៉ូតូដែលលួចបាននោះ រត់គេចខ្លួនបាត់អស់ ។
ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ២នឹង៣៨នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងក្នុងកាមេរ៉ាសុវត្ថិភាព) លើចិញ្ចើមផ្លូវអង្គតាម៉ិញ មុខរោងចក្របារី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាច់ក ម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1T-2089 នៅចំណុចមុខបន្ទប់ជួលលេខ១១ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលជាម៉ូតូរបស់ឈ្មោះ ស៊ី រ័ត្នផា ភេទប្រុស អាយុ៣២ឆ្នាំ ។
ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ តុញ ខេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកចាក់សាំងស្ថានីយ៍ប្រេងកាល់តិច ទីលំនៅភូមិក្រញ៉ូងគគីរ ឃុំស្បើក ស្រុកឈូក ខេត្តកំពត ស្នាក់នៅបន្ទប់ជួលលេខ១២ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវជាមិត្តភក្តិរបស់ម្ចាស់ម៉ូតូ ទើបដេញតាមពីក្រោយជនសង្ស័យ ហើយក៏មានការវាយតបគ្នា ដោយជនរងគ្រោះត្រូវបានជនសង្ស័យចាក់បណ្ដាលឲ្យស្លាប់ ។
តាមការឲ្យដឹងពីឈ្មោះ ធី ចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ ជាមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល០២នឹង២០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ខ្លួននិងជនរងគ្រោះបានជិះម៉ូតូម្នាក់មួយ ចេញពីកន្លែងផឹកស៊ីនៅម្ដុំក្រោយព្រលានយន្តហោះ មកដល់បន្ទប់ជួលជនរងគ្រោះជាមួយគ្នា ពេលមកដល់ឃើញមានជនសង្ស័យ២នាក់បានបណ្ដើរម៉ូតូ១គ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1T-2089 ចេញមកច្រកទ្វារខាងក្រៅ។ រួចជនរងគ្រោះសង្ស័យថាម៉ូតូនេះជារបស់ឈ្មោះ ស៊ី រ័ត្នផា ស្នាក់នៅបន្ទប់លេខ១១ ដែលជាមិត្តនឹងគ្នា ទើបទៅគោះទ្វារហៅ ស្រាប់តែឃើញទ្វារបន្ទប់ត្រូវបានខ្ទាស់ដែកទំពក់ហាលខោអាវពីក្រៅ ទើបដោះដែកទំពក់ចេញ ហើយជនរងគ្រោះ ក៏ប្រញាប់ជិះម៉ូតូឌុបគាត់ទៅតាមជនសង្ស័យ ដោយម្ចាស់ម៉ូតូមិនបានទៅជាមួយទេ, ពេលចេញមកដល់ចំណុចកើតហេតុ ពួកគាត់បានជិះទាន់ជនសង្ស័យ និងស្រែកឲ្យឈប់ម៉ូតូ តែជនសង្ស័យជិះទៅមុខបន្ត ទើបជិះមកដល់ចំណុចមុខផ្ទះលេខ២៣ ផ្លូវបេតុង ភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ជនសង្ស័យម្នាក់ បានចុះពីលើម៉ូតូ ហើយគាត់បានចុះពីលើម៉ូតូទាញមែកឈើទៅវាយលើជនសង្ស័យ ដោយជនសង្ស័យបានបាចរបស់អ្វីមួយមកលើមុខគាត់ តែមិនដឹងរបស់អ្វីទេ ហើយជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូបត់ឡើងលើវិញ ទើបជនរងគ្រោះបានជិះម៉ូតូបត់តាម រួចជនសង្ស័យបានជិះម៉ូតូចេញទៅជាមួយគ្នា ហើយជនរងគ្រោះបានជិះតាមពីក្រោយ ដោយគាត់រត់ឡើងម៉ូតូមិនទាន់, ហើយពេលគាត់រត់តាមដល់ចំណុចមុខរោងចក្របារី ភូមិទ្រុងមាន់ សង្កាត់់អូរបែកក្អម ខណ្ឌសែនសុខ គាត់ក៏បានឃើញជនរងគ្រោះដេកនៅលើចិញ្ចើមផ្លូវម៉ូតូសង្កត់ពីលើ ទើបគាត់លើកម៉ូតូឡើង ឃើញជនរងគ្រោះស្លាប់នៅលើថ្លុកឈាមបាត់ទៅហើយ។
ដោយឡែកតាមការបំភ្លឺពី ឈ្មោះ ស៊ី រ័ត្នផា ភេទប្រុស អាយុ៣២ឆ្នាំ ជាម្ចាស់ម៉ូតូបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ គាត់បានគោះទ្វារបន្ទប់គាត់ប្រាប់ថាមានចោរលួចម៉ូតូ ហើយបានដោះទំពក់ដែកខ្ទាស់ទ្វារបន្ទប់គាត់ពីក្រៅ រួចជនរងគ្រោះ និងមិត្តភក្តិគាត់បានបណ្ដើរម៉ូតូគាត់ចេញទៅក្រៅជិះទៅរកជនសង្ស័យ ដោយគាត់ពុំបានទៅជាមួយជនរងគ្រោះទេ, ក្រោយមកស្រាប់តែមានអ្នកស្គាល់គ្នាទំនាក់ទំនងមកប្រាប់គាត់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចជំនាញ មានទាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នគរបាលប៉ុស្តិ៍ពាក់ព័ន្ធ និងនគរបាលជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការហ៊ុំព័ទ្ធខ្សែពិនិត្យវាស់វែង និងបើកការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ពិនិត្យនៅលើដងផ្លូវអង្គតាម៉ិញ ពីខាងមុខរោងចក្របារី ចំងាយពីកន្លែងវាយគ្នា២៥០ម៉ែត្រ ឃើញនៅលើចិញ្ចើមផ្លូវមានសាកសពជនរងគ្រោះស្លាប់ផ្ងារនៅលើថ្លុកឈាម សពពាក់អាវយឺតដៃខ្លី ស្លៀកខោជើងខ្លី សាកសពមានសភាពរឹង, ខ្លួនប្រាណ ដៃជើង ខោអាវប្រឡាក់ឈាម ស្នាមរបួសដាច់រយះនៅ ក ខាងមុខចំហៀងខាងឆ្វេង១កន្លែង រាងផ្កាយមុខ៣ ជម្រៅ៩ស.ម , នៅក្បែរសាកសពមានម៉ូតូ១គ្រឿងម៉ាកHONDA SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HU-0905 ប្រឡាក់ឈាម ដាក់បញ្ឈរជន្ទល់ចំហៀង។ នៅលើចិញ្ចើមផ្លូវបេតុងមុខផ្ទះលេខ២៣ ឃើញមានមែកឈើ១ប្រវែង៨៨ស.ម ទទឹង៣ស.ម (ដំបងឈើដែលមិត្តភក្តិជនរងគ្រោះយកវាយត្រូវជនសង្ស័យ) និងមានស្នាមឈាមស្រក់ជាតំណក់ៗជាច្រើនកន្លែង។ លើចិញ្ចើមផ្លូវក្បែរធុងសំរាមមុខផ្ទះលេខ២០ ចំងាយពីផ្ទះលេខ២៣ប្រវែង១០ម ឃើញមានដែកកែឆ្នៃចុងស្រួចមុខ៣ចំនួន១ដើម ប្រវែងសរុប១៩ស.ម, ប្រវែងផ្លែ១០ស.ម ទទឹងផ្លែ០,៥ស.ម ប្រឡាក់ឈាម។ ពិនិត្យកន្លែងកើតហេតុដែលបាត់ម៉ូតូ ស្ថិតនៅមុខបន្ទប់លេខ១១ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ឃើញនៅខាងមុខទ្វារបន្ទប់មានដែកទំពក់ហាកខោអាវ១ ឆ្លងតាមការមើលកាមេរ៉ាសុវត្ថិភាពជាកន្លែងដែលជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូចេញទៅក្រៅ។
ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារខ្សោះឈាម បណ្ដាលមកពីការចាក់ត្រូវ ក ខាងមុខចំហៀងខាងឆ្វេង និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវតាមចាប់ក្រុមចោរខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕ អែល វិចិត្រ