រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបំបែក និងបង្ក្រាបបាន ករណីឃាតកម្ម សម្លាប់នារីជាសង្សារ រួចយកសព ទៅព្យួរក ឲ្យដូចករណី ចងកសម្លាប់ខ្លួន តែល្បិចជាន់ដានខ្លួនឯង បែរទៅជាចាក់សោរពីក្រៅបន្ទប់ទៅវិញ ខណៈជនដៃដល់ ក្រោយសម្លាប់សង្សាររួច រត់គេចខ្លួន ហើយត្រូវសមត្ថកិច្ចតាមចាប់បាន រហូតដល់ខេត្តសៀមរាប ។
តាមរបាយការណ៍ដែលសមត្ថកិច្ចផ្តល់មកឲ្យក្រុមការងារTVFB បានឲ្យដឹងថា ករណីឃាតកម្មនេះ កើតឡើងកាលពីវេលាម៉ោងប្រហែល០៦ព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លុះនៅវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានថា មានសាកសពនារីម្នាក់ ដេកស្លាប់ក្នុងបន្ទប់ នៅចំណុចបន្ទប់ជួលកើតហេតុ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទទួលគោក បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ យោងតាមការពិនិត្យសពរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ អមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជាករណី ឃាតកម្ម ដោយជនរងគ្រោះបានស្លាប់ដោយសារការខ្ទប់មាត់ ខ្ទប់ច្រមុះ និងច្របាច់ ក សម្លាប់ មានស្លាកស្នាម ជាំរលាត់ទ្រុឌនៅលើករបស់ជនរងគ្រោះផ្នែកខាងមុខ ស្នាមជាំគន្លាក់ដៃទាំងសងខាង និងក្រលៀនខាងឆ្វេង ។
សពឈ្មោះ សួន មករា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីនេតឈ័រ កូហ្វីលអេនផាប់ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ។
ចំណែកជនសង្ស័យឈ្មោះ ចាន់ ដាលីន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីនេតឈ័រ កូហ្វីលអេនផាប់ ស្នាក់នៅបន្ទប់កើតហេតុជាមួយជនរងគ្រោះ (ត្រូវជាគូសង្សារនិងគ្នា)។
ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទទួលគោក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងមានការដឹកនាំសហការពី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច កម្លាំងសមត្ថកិច្ច បានស្វែងរកឃើញម៉ូតូ ០១គ្រឿង ម៉ាក Click 2021 ពណ៌ស ផ្លាកលេខ កណ្តាល 1AN-9884 ដែលជនសង្ស័យជិះគេចខ្លួនចេញពីកន្លែងកើតហេតុ យកទៅលាក់ទុកក្នុងបរិវេណវត្ត ស្វាយពពែរ ស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌចំការមន។
កម្លាំងសមត្ថកិច្ចបានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៦ ទើបប្រមូលបានព័ត៌មានថា ជនសង្ស័យបានគេចខ្លួនទៅដល់ខេត្តសៀមរាម ទើបធ្វើការពន្លាតដែនដីទៅដល់ខេត្តសៀមរាម ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ២១ និង ១០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យនៅចំណុចមុខសាលាវិទ្យាល័យអង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះដែលជាសង្សាររបស់ខ្លួនពិតប្រាកដមែន ហើយមូលហេតុដែលខ្លួនសម្លាប់ជនរងគ្រោះ ព្រោះការប្រចណ្ឌ ហើយម៉្យាងទៀតខ្លួនខឹងនិងជនរងគ្រោះដែលតែងតែជេរប្រមាថមើលងាយខ្លួនជាខ្លាំង ដោយទ្រាំមិនបាន ហើយខ្លួនស្រវឹងស្រាខ្លះផង ក៏ចាប់ច្របាច់កជនរងគ្រោះរហូតដល់ស្លាប់តែម្តង ដោយហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៦ព្រឹក ។
ចំពោះករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី៕ អែល វិចិត្រ