រាជធានីភ្នំពេញ៖ ប្រជាការពារភូមិព្រែកហូរខាងលិចម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗ យ៉ាងរន្ធត់ក្នុងថ្លុកឈាម ដោយមិនទាន់ដឹងថា ករណីនេះជនរងគ្រោះដួលខ្លួនឯង ឬមានអ្វីមកបុកគាត់នៅឡើយនោះទេ រង់ចាំសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ និងនគរបាលចរាចរណ៍ក្រុង បើកការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពជាមុនសិន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច និងសាច់ញាតិ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហាក់ ទ្រី អាយុ៤៤ឆ្នាំ មុខរបរជាប្រជាការពារព្រែកហូរខាងលិច រស់នៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមសម្តីស្ត្រីជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល1S-8828 ធ្វើដំណើរចេញផ្ទះរបស់គាត់នៅសង្កាត់ព្រែកហូរ បម្រុងនឹងមកដឹកក្មួយមកពីខេត្តបន្ទាយមានជ័យនៅឯបេនឡាននៅម្តុំគល់ស្ពានអាកាសស្ទឹងមានជ័យ ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង មិនបានពាក់មួកសុវត្ថិភាពនោះទេ លុះដល់ចំណុចកើតហេតុ បែរជាទទួលដំណឹងថា គាត់បានស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ។
ក្នុងនោះ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ចំពោះករណីនេះ កម្លាំងនគរបាលចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង កំពុងបើកការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីឲ្យប្រាកដថា ជនរងគ្រោះស្លាប់ដោយសារ ដួលខ្លួនឯង ឬក៏មានអ្វីមកបុកគាត់ ខណៈមេឃកំពុងមានការធ្លាក់ភ្លៀង។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីបើកការស្រាវជ្រាវ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕