រាជធានីភ្នំពេញ៖ យោងតាមព័ត៌មានបឋម អង្គភាពសារព័ត៌មានTVFB បានធ្វើការទំនាក់ទំនងទៅលោកអធិការខណ្ឌទួលគោក នៅមិនទាន់ហានបញ្ចាក់ច្បាស់ ជុំវិញករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់បឹងកក់ទី១នោះទេ លោកថាបើតាមការសន្និដ្ឋានជំហានដំបូង មនុស្ស ២នាក់ដែលជាប់នៅក្នុងផ្ទះមិនទាន់ឃើញចេញមកក្រៅ អាចបណ្ដាលឲ្យស្លាប់នៅក្នុងទីតាំងកើតហេតុខាងលើ ប៉ុន្តែពេលនេះ សមត្ថកិច្ចមូលដ្ឋានកំពុងរងចាំ សមត្ថកិច្ចជំនាញកោសលវិច្ច័យ ដើម្បីចូលទៅពិនិត្យ ផ្នែកខាងក្នុង ពោលបើទោះបីអគ្គីភ័យត្រូវបានកម្លាំងជំនាញនៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់ បានរលត់ជាស្ថាពរ ប៉ុន្តែដោយស្ថានភាពនៅកន្លែងកើតហេតុនៅមានកម្តៅនៅឡើយ ជាហេតុធ្វើឳ្យពិបាកក្នុងការចូលទៅពិនិត្យផ្នែកខាងក្នុងនៃផ្ទះកើតហេតុ ។
ជុំវិញករណីអគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅនេះបង្កឳ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង៤៥នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្តាលឳ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៥៨ កែងនិងផ្លូវលេខ២៨៧ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំពោះករណីអគ្គីភ័យខាងលើសមត្ថកិច្ចជំនាញមិនទាន់បញ្ចាក់ពីមូលហេតុ ដែលបណ្តាលឳ្យឆាបឆេះនៅឡើយនោះទេ ដោយសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ គ្រាន់តែដឹងថាករណីអគ្គីនេះមានទំហំធំ ហើយការឆាបឆេះមានសភាពលឿន ព្រោះរដូវនេះជារដូវធ្លាក់ខ្យល់ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាមានការប្រុងប្រយ័ត្នឳ្យបានខ្ពស់ ។
ជាមួយគ្នានោះកម្លាំងជំនាញនៃការិយាល័យបង្ការនិងពន្លត់អគ្គិភ័យបានចេញរថយន្តជាច្រើនគ្រឿងជួយបាញ់ទឹកពន្លត់ បានរលត់ជាស្ថាពរ និងមិនបណ្តាលឳ្យរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ។ ជុំវិញព័ត៌មានលំអិតអង្គភាពសារព័ត៌មានTVFB និងធ្វើការផ្សាយលំអិតជូនបន្ថែមទៀត៕ដោយៈលីណា