រាជធានីភ្នំពេញ៖ អាសូណាស់ទើបតែជួបមុខគ្នា ស្រាប់តែជិះម៉ូតូពីគីឡូលេខ៦ ត្រឡប់មកពីផ្ទះពូ ដើម្បីមកធ្វើការនៅរោងចក្រក្នុងស្រុកកៀនស្វាយវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងកង់ ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវចុះពីស្ពានកោះនរា ដែលស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឆន សុខលី ភេទស្រី ជនជាតិខ្មែរ មុខរបរបុគ្គលិកធ្វើការនៅក្រុមហ៊ុន យី ដា មីនូហ្វេកធឺរើ ខូ អិលធីឌី។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AA-4555 ធ្វើដំណើរចុះពីស្ពានកោះនរា ក្នុងល្បឿនលឿន មានទិសដៅពីលិចទៅកើត គោលដៅចេញពីផ្ទះពូនៅគីឡូលេខ៦ក្នុងខណ្ឌឬស្សីកែវ ត្រឡប់ទៅធ្វើការរោងចក្រនៅឬស្សីស្រុក ក្នុងស្រុកកៀនស្វាយ ខណៈជិះមកដល់ចំណុចកើតហេតុ នារីរងគ្រោះខាងលើបានបន្ថែមល្បឿនម៉ូតូឡើងវ៉ារថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ហើយបានវាក់អឺជាមួយបុរសម្នាក់ជាអ្នកជិះកង់ហាត់ប្រាណដែលជិះលើផ្លូវក្នុងទិសដៅស្របគ្នា បណ្តាលឱ្យទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្ម ។ ចំណែកឯបុរសជាអ្នកជិះកង់ហាត់ប្រាណ គ្រាន់តែរបួសរលាត់ដៃជើងតែប៉ុណ្ណោះ ។
ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ចចរាចរណ៍បានចុះទៅដល់ទីតាំងកើតហេតុ បានធ្វើការវាស់វែង និងទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិមកដល់កន្លែងកើតហេតុ ដើម្បីយកសាកសពនារីរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងកង់ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅ រង់ចាំសមត្ថកិច្ចធ្វើការស្រាវជ្រាវដោះស្រាយនៅពេលក្រោយ ៕ដោយ៖លីណា



