អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ កម្ទេចគ្រាប់បែកចង្កោមចំនួន១៣២ គ្រាប់បែក ហើយកូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់​ អាចបង្កគ្រោះថ្នាក់ក្នុងចំការស្វាយចន្ទី
សន្តិសុខសង្គម
73

ខេត្តរតនគិរី ៖ ​យោងតាមការបង្ហោះរបស់ លោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌល​ កំចាត់មីនកម្ពុជាបានឲ្យដឹងថា​ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងចម្ការស្វាយចន្ទីដែលមានទីតាំងស្ថិតនៅ ភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ ចំណុះកងឯកភាពកំចាត់មីនទី៥ បានប្រតិបត្តិការកម្ទេចគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាម​ ដែលជាគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ ប្រភេទCBU-25/A ដែលមានផ្ទុកគ្រាប់បែកចង្កោម (កូនគ្រាប់ប្រភេទ BLU-24/B) ចំនួន១៣២ គ្រាប់បែក ហើយកូនគ្រាប់បែកដែលនៅសេសសល់ ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់​ អាចបង្កគ្រោះថ្នាក់។ ស្ថានភាពរណ្តៅដែលរកឃើញគ្រាប់បែកចង្កោមនេះមានជម្រៅកប់ដីប្រហែលមួយម៉ែត្រ។

សូមជម្រាបរំលឹកជូនបន្ថែមថា​ នៅក្នុងព្រះរាជាណាចក្រដ៍កំសត់នេះត្រូវរងការទម្លាក់គ្រាប់បែកចង្កោមមានចំនួនជិត៣០លានគ្រាប់បែក​ ប្រើពេលជាង១០ឆ្នាំក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ មានការវាយប្រហារចំនួនជាង១០.០០០ទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស ។

លោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌល​ កំចាត់មីនកម្ពុជា ក៏បាន អរគុណម្ចាស់ចម្ការស្វាយចន្ទី​ ដែលបានផ្តល់ការសហការយ៉ាងពេញលេញជាមួយក្រុមជំនាញ​ ដោយសារស្ថានភាពគ្រាប់បែកចង្កោមនេះគ្មានសុវត្ថិភាពក្នុងការដោះបន្សាបនិងដឹកជញ្ជូនឡើយ​ ដូចនេះមានតែវិធានការកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង!! ការកម្ទេចនៅហ្នឹងកន្លែងនេះបានបង្កប៉ះពាល់ដេីមស្វាយចន្ទីមួយចំនួនដែរ​ តែម្ចាស់ចម្ការនឹងមានសេចក្តីសុខសុវត្ថិភាពផុតពីគ្រោះភ័យនៃគ្រាប់បែកចង្កោមទាំងនេះជារៀងរហូត!! ៕


Telegram