ខេត្តបន្ទាយមានជ័យ៖ ពុទ្ធោលោកអើយលោក! បុរស២នាក់ បានស្លាប់ភ្លាមៗយ៉ាងរន្ធត់ ខណៈកំពុងជ្រកភ្លៀង ក្នុងកូនខ្ទមមួយជាប់មាត់ផ្លូវ ក៏ត្រូវរន្ទះបាញ់មកផាំង ផ្តាច់ជីវិតទាំង២នាក់តែម្តង ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិ លេខ៥៦អា ភូមិខ្លែងពណ៍ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខាងត្បូងការ៉ាស់សាំងប្រហែល២០ម៉ែត្រ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ដែលស្លាប់នេះ ទី១ឈ្មោះ អ៊ឹម សុវណ្ណា ភេទប្រុស អាយុ ៣៨ឆ្នាំ និងទី២ឈ្មោះ អ៊ឹម វ៉ាន់ឈី ភេទប្រុស អាយុ៣៥ឆ្នាំ ទាំង២នាក់រស់នៅភូមិកំណប់ជាមួយគ្នា ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ ដោយមុនពេលកើតហេតុ មេឃមានការធ្លាក់ភ្លៀងខ្លាំង ពួកគាត់ក៏បាននាំគ្នាជិះម៉ូតូមកឈប់ និងចូលជ្រកក្នុងកូនខ្ទមមួយជាប់មាត់ផ្លូវ ពេលនេះក៏ត្រូវរន្ទះបាញ់មកផាំង ផ្តាច់ជីវិតទាំង២នាក់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេត់ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច
