ត្រាំ ត្រៀមខ្លួនដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២៤ ដោយសារការដើរខុសផ្លូវរបស់លោក បៃដិន នៅអាហ្វហ្គានីស្ថាន
អន្តរជាតិ
210

អន្តរជាតិ៖ ការវាយតម្លៃការយល់ព្រមរបស់លោក Joe Biden បានធ្លាក់ចុះ ចាប់តាំងពីការជម្លៀសដ៏ច្របូកច្របល់ និងបង្ហូរឈាម នៅស្ថានទូតអាមេរិកនិងការសុំសិទ្ធិជ្រកកោនរាប់ម៉ឺននាក់ពីទីក្រុងកាប៊ុល កាលពីខែមុន ជាមួយសាច់ញាតិរបស់កងទ័ព ១៣ នាក់ដែលត្រូវបានស្លាប់។

សារព័ត៌មាន Sputnik បានចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ដូណាល់ ត្រាំ បាននិយាយថា លោក ត្រាំ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការជួបគ្នាម្តងទៀតជាមួយលោក ចូ បៃដិន ហើយសង្ឃឹមទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ បន្ទាប់ពីការដកទ័ពចេញពីអាហ្វហ្គានីស្ថាន ។

អតីតអ្នកនាំពាក្យម្នាក់ និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ២ រូបទៀតបាននិយាយថា ចិត្តរបស់អតីតប្រធានាធិបតីរូបនេះ ត្រូវបានបង្កើតឡើងវិញ ក្រោយមើលឃើញការប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋចេញពីស្ថានទូតក្រុងកាប៊ុល បន្ទាប់ពីក្រុមតាលីបង់បានដើរចូលរដ្ឋធានីអាហ្វហ្គានីស្ថានដោយគ្មានការប្រឆាំង និងបណ្តាលឲ្យមនុស្សជាង ២០០ នាក់ស្លាប់ ។

អ្នកទាំងនោះរួមមានបុគ្គលិកអាមេរិក ១៣ នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតដោយក្រុម ISIS-K ហើយជាការបាត់បង់យោធាអាមេរិកដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០១១ មក ។

ទន្ទឹមនោះ មន្រ្តីម្នាក់របស់រដ្ឋបាលលោក ត្រាំ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “ការដោះស្រាយការដកទ័ពរបស់លោក បៃដិន បានធ្វើឲ្យការប្តេជ្ញាចិត្តរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ កាន់តែខ្លាំងឡើងក្នុងការស្វែងរកការបោះឆ្នោតម្តងទៀត ហើយវាបានបញ្ចុះបញ្ចូលជនជាតិអាមេរិកអំពីជម្រើសនេះ” ។

គួរបញ្ជាក់ថា លោក ចូ បៃដិន បានរងការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាហេតុធ្វើឲ្យក្រុមតាលីបង់វាយលុកចូលដល់ទីក្រុងកាប៊ុល និងបានប្រកាសគ្រប់គ្រងប្រទេសនេះ ក្រោយការបិទបញ្ចប់ជម្លៀសពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃទី ៣១ ខែសីហាកន្លងទៅ ៕

ប្រភព៖ Sputnik 

Telegram