អន្តរជាតិ៖ សហភាពអឺរ៉ុបបានសម្តែងការមិនពេញចិត្ត កាលពីថ្ងៃពុធ ដោយបានលើកឡើងថា រដ្ឋាភិបាលអន្តរកាលថ្មីមួយ ដែលត្រូវបានបង្ហាញដោយក្រុមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ មិនបានគោរពទៅតាមការសន្យារបស់មេដឹកនាំក្រុមនេះដែលថានឹងរួមបញ្ចូលក្រុមផ្សេងៗគ្នានោះទេ។
បើយោងតាមសារព័ត៌មាន Reuters ដែលបានចេញ ផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យឲ្យសហភាពអឺរ៉ុបបាននិយាយថា«ក្រោយការវិភាគជាបឋមទៅលើបញ្ជីឈ្មោះបុគ្គលដែលត្រូវបានប្រកាសនោះ វាហាក់ដូចជាការបង្កើតរដ្ឋាភិបាលនេះមិនមានលក្ខណៈចម្រុះ និងតំណាងឲ្យក្រុមផ្សេងៗដែលមកពីក្រុមជនជាតិនិងសាសនាខុសគ្នានៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលយើងសង្ឃឹមថានឹងឃើញនៅក្នុងរដ្ឋាភិបាលថ្មីនោះ ព្រោះនេះជាការសន្យារបស់ក្រុមតាលីបង់នាពេលកន្លងមក»។
សហភាពអឺរ៉ុបដែលមានប្រទេស២៧ជាសមាជិកបានដាក់ចេញ៥ចំណុចនៅក្នុងការបង្កើនការទាក់ទិនរបស់ខ្លួនជាមួយក្រុមតាលីបង់ ដែលក្នុងនោះរាប់ទាំងការបង្កើតរដ្ឋាភិបាលអន្តរកាលមួយដែលរួមបញ្ចូល «តំណាងក្រុមនានា» ផងដែរ។
មន្ត្រីនាំពាក្យឲ្យសហភាពអឺរ៉ុបបានលើកឡើងថា សមាសភាពនៃរដ្ឋាភិបាលដែលមាន «ភាពចម្រុះ និងតំណាង» ត្រូវបានរំពឹងទុកថានឹងកើតមានឡើងនៅក្នុងរដ្ឋាភិបាលអន្តរកាលមួយក្នុងពេលអនាគតនិងដែលជាលទ្ធផលនៃការចរចាគ្នា។
ក្រុមតាលីបង់ កាលពីថ្ងៃអង្គារ បានប្រកាសឈ្មោះរដ្ឋាភិបាលចាំផ្ទះមួយ ដែលមានភាពតឹងរ៉ឹង និងគ្មានស្ត្រី ឬបុគ្គលណាមួយដែលមិនមែនជាសមាជិករបស់ខ្លួនហើយនឹងរួមបញ្ចូលទាំងឥស្សរជនសំខាន់ៗដែលកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឬជាបុគ្គលដែលអាមេរិកតាមចាប់ខ្លួនពីបទចោទពាក់ព័ន្ធនឹងភេរវកម្មផងដែរ។
ក្រុមរដ្ឋមន្ត្រីការបរទេសមកពីប្រទេសចំនួន ២០ បានធ្វើការពិភាក្សានៅថ្ងៃពុធ ដែលដឹកនាំដោយអ្នកការទូត ជាន់ខ្ពស់មកពីអាមេរិកនិងប្រទេសអាល្លឺម៉ង់ដើម្បីដោះស្រាយថាតើគួរត្រូវទាក់ទងជាមួយរដ្ឋបាលថ្មីរបស់ក្រុមតាលីបង់ដោយរបៀបណា៕
ប្រភព៖ Reuters