​រដ្ឋាភិបាលតាលីបង់ថ្មី យល់ព្រមឲ្យពលរដ្ឋអាមេរិកនិងជនបរទេសផ្សេងទៀត ចាកចេញពីអាហ្វហ្គានីស្ថាន
អន្តរជាតិ
161

អន្តរជាតិ៖ រដ្ឋាភិបាលតាលីបង់ថ្មី បានយល់ព្រមឲ្យ​ពលរដ្ឋអាមេរិកចំនួន២០០នាក់ និងជនបរទេសផ្សេងទៀត ដែលនៅសេសសល់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាកចេញពីទីនោះតាមជើងហោះហើរ នៅអាកាសយានដ្ឋានក្នុងទីក្រុងកាប៊ុលនៅថ្ងៃព្រហស្បតិ៍នេះ។ ​

សារព័ត៌មាន Sputnik បានចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះថា ជើងហោះហើរនោះនឹងស្ថិតក្នុងចំណោមជើងហោះហើរអន្តរជាតិដំបូងគេដែលបានចេញដំណើរពីអាកាសយានដ្ឋានក្រុងកាប៊ុលចាប់តាំងពីក្រុមតាលីបង់ដណ្តើមបានរដ្ឋធានីនេះកាលពីពាក់កណ្តាលខែសីហាមកដោយបង្កឲ្យមានភាពវឹកវរនៅក្នុងការជម្លៀសជនបរទេសនិងពលរដ្ឋអាហ្វហ្គានីស្ថានចំនួន១២៤,០០០នាក់។

ការយល់ព្រមឲ្យជម្លៀសជនបរទេសដែលនៅសល់នោះបានធ្វើឡើងក្នុងរយៈពេល២ថ្ងៃបន្ទាប់ពីក្រុមតាលីបង់បានប្រកាសបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នថ្មីដែលរួមបញ្ចូលទាំងឥស្សរជនសំខាន់ៗដែលកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឬជាបុគ្គលដែលអាមេរិកតាមចាប់ខ្លួនពីបទចោទពាក់ព័ន្ធនឹងភេរវកម្មផងដែរ។

មន្ត្រីអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកបានរាយការណ៍ថា ក្រុមតាលីបង់ត្រូវបានដាក់គំនាបឲ្យអនុញ្ញាតឲ្យធ្វើការជម្លៀសនោះដោយតំណាងពិសេសរបស់អាមេរិកគឺលោក ហ្សាល់មេ ខាលីលហ្សាដ (Zalmay Khalilzad) ។

បន្ទាប់ពីក្រុមតាលីបង់ប្រកាសបង្កើតរដ្ឋាភិបាលថ្មី, ក្រុមអ្នករិះគន់បានអំពាវនាវឲ្យពួកគេគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងស្តារឡើងវិញនូវសេដ្ឋកិច្ចដែលប្រឈមនឹងការដួលរលំក្នុងគ្រាដែលមានការខ្វះខាតស្បៀងអាហារ និងជំនួយបរទេសកំពុងត្រូវបានកាត់ផ្តាច់ដោយសារប្រទេសនានាព្យាយាមធ្វើឲ្យក្រុមតាលីបង់ឯកោពីពិភពខាងក្រៅ៕

ប្រភព៖ Sputnik

Telegram