អន្តរជាតិ៖ មិនមានសេចក្តីរាយការណ៍ភ្លាមៗ អំពីការស្លាប់និងរបួសនៅក្នុងការវាយប្រហារនេះ ក្រោយបទឈប់បាញ់កាន់តែ ផុយស្រួយ ដែលបានបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងសាហាវនិងស្លាប់កាលពី ខែឧសភា។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមមួយនៅព្រឹកថ្ងៃសៅរ៍នេះថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារទីតាំងហាម៉ាសនៅតំបន់ហ្គាហ្សា ជាការឆ្លើយតបនឹងការបាញ់រ៉ុក្កែតដែលវាយប្រហារទៅលើអ៊ីស្រាអែលកាលពី ល្ងាចថ្ងៃសុក្រ ម្សិលមិញនេះ។មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការស្លាប់និងរបួសនៅក្នុងការវាយប្រហារនេះនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។
យោធាអ៊ីស្រាអែលបាននិយាយថាសំឡេងស៊ីរ៉ែនព្រមានពីការបាញ់រ៉ុក្កែតចូលបានបន្លឺឡើងនៅជិតព្រំដែនអ៊ីស្រាអែលជាមួយតំបន់ហ្គាហ្សាស្ទ្រីបកាលពីល្ងាចថ្ងៃសុក្រ។ ស៊ីរ៉ែនត្រូវបានបន្លឺឡើងប៉ុន្មានម៉ោង បន្ទាប់ពីប៉ូលីសចាប់បានបុគ្គលពីរនាក់ពីក្រុមជីហាតអ៊ីស្លាមនៅតំបន់ហ្គាហ្សា ដែលបានរត់គេចពីពន្ធនាគារអ៊ីស្រាអែល ដែលមានសន្តិសុខអតិបរមាកាលពីដើមសប្តាហ៍នេះ។
ការកើនឡើងនៃអំពើហិង្សាឆ្លងដែនថ្មីៗនេះ ក្រោយបទឈប់បាញ់កាន់តែ ផុយស្រួយ ដែលបានបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងសាហាវកាលពីខែឧសភា។
គួរបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនជាង ២៥០ នាក់ភាគច្រើនជាជនស៊ីវិលនិងកុមារនិងជនជាតិអ៊ីស្រាអែល ១៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីខែឧសភានៅលើតំបន់ហ្គាហ្សា ក្នុងកំឡុងពេលដែលអ៊ីស្រាអែលបានធ្វើការវាយឆ្មក់តាមអាកាសឥតឈប់ឈរនៅជុំវិញតំបន់ឆ្នេរ សមុទ្រ ដែលធ្វើឱ្យអ្នកប្រយុទ្ធនៅតំបន់ហ្គាហ្សា បាញ់រ៉ុក្កែតឆ្ពោះទៅទីក្រុងអ៊ីស្រាអែល៕
ប្រភព៖ Aljazeera