អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃអាទិត្យម្សិលមិញថា ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយថ្មីដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។ របាយការណ៍ចុះកាលបរិច្ឆេទនៅថ្ងៃចន្ទនេះបាននិយាយថា បណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិរបស់កូរ៉េខាងជើងបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលកាលពីថ្ងៃទី១១ និង១២ ខែកញ្ញា ហើយថា អាវុធទាំងនោះត្រូវបានផលិតអស់រយៈពេល២ឆ្នាំហើយ។ អាវុធទាំងនោះបានបង្ហាញពីការទប់ស្កាត់ដ៏មានប្រសិទ្ធភាពមួយទៀតដែលមានន័យថា សម្រាប់ការធានាកាន់តែរឹងមាំចំពោះសន្តិសុខនៃរដ្ឋ និងកម្លាំងយោធារបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា គ្រាប់មីស៊ីលដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។ វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំលុងខែមីនា ឆ្នាំ២០២១។
មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងម្នាក់បាននិយាយថា ៖«មីស៊ីលនាំផ្លូវជារឿយៗត្រូវបានរកឃើញ បន្ទាប់ពីការសាកល្បងត្រូវបានធ្វើឡើងសម្រាប់កម្ពស់ហោះហើរទាបរបស់ពួកគេ។ កូរ៉េខាងជើងបានបន្តបាញ់សាកល្បងមីស៊ីលនាំផ្លូវពីរលើកហើយក្នុងឆ្នាំនេះ ប៉ុន្តែយើងមិនបញ្ចេញពួកគេ ពីព្រោះយើងមិនបង្ហាញទាំងអស់ពីការបាញ់សាកល្បងមីស៊ីលនាំផ្លូវដែលបានរកឃើញទេ»។
សេចក្តីប្រកាសពីការចាប់ផ្តើមបាញ់សាកល្បងរបស់កូរ៉េខាងជើងបានកើតឡើង នៅពេលបេសកជននុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូងកំពុងឆ្ពោះទៅប្រទេសជប៉ុនដើម្បីពិភាក្សាពីកូរ៉េខាងជើងជាមួយមន្ត្រីអាមេរិក និងជប៉ុននៅងថ្ងៃចន្ទ និងអង្គារ៍។
គួរបញ្ជាក់ថា កូរ៉េខាងជើងក៏ធ្លាប់បានធ្វើតេស្ត cruise missile នេះ ម្តងរួចមកហើយ ដែល កាលពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទើបឡើងអង្គុយកៅអីសេតវិមាន បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែមករា ដើមឆ្នាំនេះ។ ការធ្វើតេស្តលើកនេះត្រូវបានគេមើលឃើញថា ជាការរំលឹកដល់ដំណើរជាប់គាំង នៃកិច្ចចរចានុយក្លេអ៊ែរកាលពីឆ្នាំ២០១៩ ដែលកូរ៉េខាងជើងធ្លាប់បានធ្វើ ជាមួយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ៕
ប្រភព៖ Sputnik ប្រែសម្រួល៖ នង ណារិន