អន្តរជាតិ៖ ស្ត្រីនៅអាហ្វហ្កានីស្ថាន អាចបន្តរៀនថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យល័យ ទាំងកម្រិតបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ប៉ុន្តែថ្នាក់រៀននឹងត្រូវបែងចែកទៅតាមភេទ ហើយការស្លៀកពាក់តាមច្បាប់អ៊ីស្លាមគឺជាកាតព្វកិច្ច។
បើតាមសារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះថា លោក Abdul Baqi Haqqani រដ្ឋមន្រ្ដីក្រសួងអប់រំរបស់របបគ្រប់គ្រងតាលីបង់ បានបញ្ជាក់ថា ស្រ្ដីគួរតែត្រូវបានអនុញ្ញាតឲ្យសិក្សា។ ប៉ុន្ដែពួកនាង មិនត្រូវបានអនុញ្ញាតឲ្យសិក្សាជាមួយនឹងនិស្សិតប្រុសៗនោះទេ។ ជាមួយគ្នានេះដែរ មុខវិជ្ជាសិក្សា ក៏នឹងត្រូវត្រួតពិនិត្យឡើងវិញផងដែរ។
ការកើនឡើងរបស់តាលីបង់បានបង្កឱ្យមានការភ័យខ្លាចថាក្រុមនេះនឹងវិលត្រឡប់ទៅរកការគ្រប់គ្រងតឹងរ៉ឹងដែលកំណត់ពីការកាន់អំណាចដំបូងរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពី ២០ ឆ្នាំមុន។
ស្រ្ដី និងក្មេងស្រី ត្រូវបានហាមឃាត់ចូលសិក្សា នៅតាមសាលា និង សាកលវិទ្យាល័យនានា ក្រោមការគ្រប់គ្រងរបស់តាលីបង់ ចន្លោះពីឆ្នាំ១៩៩៦-២០០១។ លើសពីនេះទៅទៀត តាលីបង់ មិនបានអនុញ្ញាតឲ្យស្រ្ដីចេញទៅណាឆ្ងាយពីផ្ទះ ដោយមិនមានសាច់ញាតិជាបុរសទៅជាមួយនោះឡើយ។
ប៉ុន្ដែប្រសិនបើស្រ្ដីណាម្នាក់ ល្មើសនឹងបម្រាមរបស់ពួកគេ នឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយរបបពោរពេញទៅដោយអំពើហិង្សានេះ ត្រូវបានសហរដ្ឋអាមេរិក បណ្ដេញចេញពីអំណាច ក្រោមការចោទប្រកាន់លាក់ទុកមេភេរវករអង្គការអាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន ដែលជាមេគំនិតរៀបចំគម្រោងចាប់ជំរិតយន្ដហោះដឹកនអ្នកដំណើរ វាយប្រហារទៅលើអគារភ្លោះ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
ក្រោយពេលជាប់ផុងក្នុងសង្រ្គាម នៅអាហ្វហ្គានីស្ថាន អស់រយៈពេល២០ឆ្នាំ ដោយចំណាយថវិកាជាតិ អស់រាប់លានលានដុល្លារ ទម្រាំសម្លាប់បានមេដឹកនាំអង្គការភេរវកម្ម អាល់កៃដា ហើយចុងក្រោយ សហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោក ចូ បៃដិន ក៏បានសម្រេចដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ។ ការប្រកាសរបស់លោក ចូ បៃដិន មិនខុសពីការផ្ដល់ឱកាសមាសដល់តាលីបង់ វាយសង្គ្រប់ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតិអាហ្វហ្គានីស្ថាន បានសម្រេចទាំងស្រុង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
ក្រោយទទួលបានជ័យជម្នះភ្លាមៗ តាលីបង់បានប្រកាសថា ពួកគេនឹងមិនរារាំងដល់ស្រ្ដី ក្នុងការចូលទៅសិក្សា និងស្វែងរកការងារធ្វើនោះដែរ។ ទោះជាយ៉ាងណា តាលីបង់បានសុំឲ្យស្រ្ដីទាំងអស់ មិនឲ្យចូលធ្វើការ នៅក្នុងវិស័យសុខាភិបាលសាធារណៈ៕
ប្រភព៖ Aljazeera