អន្តរជាតិ៖ ការគំរាមកំហែងបំផ្ទុះគ្រាប់បែកបានបង្កឱ្យមានការជម្លៀសអ្នកដំណើរប្រហែល ៣០ នាក់នៅលើយន្តហោះ ក្រុមហ៊ុន Cathay Pacific ក្រុមហ៊ុនអាកាសចរណ៍ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ជើងហោះហើរពីទីក្រុងហុងកុង ដែលទើបតែចុះចតនៅទីក្រុងប៉េកាំង។
បើយោង តាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ការជម្លៀសនេះបានកើតឡើង បន្ទាប់ពីជើងហោះហើរ CX390 បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងនៅវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ ដោយអ្នកដំណើរនិងសមាជិកអាកាសយានិកបានរត់គេច ចេញតាមរយៈច្រកគ្រាអាសន្ន។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា«អ្នកដំណើរមួយចំនួនតូច បានរងរបួសតិចតួចអំឡុងពេលប្រតិបត្តិការ។ ក្រុមហ៊ុនបានផ្តល់ការថែទាំសុខភាពជូនអ្នកដំណើរ ហើយគ្មាននរណាម្នាក់នៅលើយន្តហោះធុន Airbus 330 តម្រូវឲ្យចូលមន្ទីរពេទ្យទេ»។
ប្រភពដែលដឹងអំពីហេតុការណ៍នេះបាននិយាយថា មានអ្នកដំណើរប្រហែល ៣០ នាក់នៅលើយន្តហោះនោះហើយការជម្លៀសបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរទទួលបានសារទាក់ទងនឹងការគំរាមកំហែងសន្តិសុខ។
ប៉ូលិសក្រុងហុងកុងនិយាយថា ពួកគេបានទទួលទូរស័ព្ទនៅម៉ោងប្រហែល ១០ និង ៤០ នាទីព្រឹកថ្ងៃសៅរ៍ ដោយអះអាងថា គ្រាប់បែកមួយគ្រាប់ ត្រូវបានគេបង្កៃនៅលើជើងហោះហើរដែលឆ្ពោះដំណើរទៅចិនដីគោក។
ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងបាននិយាយថា ខ្លួនបានចាត់ថ្នាក់ហេតុការណ៍នេះថាជាករណីបោកបញ្ឆោត។ ក្រុមស៊ើបអង្កេតព្រលានយន្តហោះកំពុងតាមដានហើយ មិនមានការចាប់ខ្លួនទេ៕
ប្រភព៖ South China Morning Post