អន្តរជាតិ៖ មនុស្សប្រហែល ២.០០០នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីភ្លើងឆេះព្រៃបានផ្ទុះឡើងនៅក្នុងតំបន់ អានដាឡូស្យា (Andalusia) ស្ថិតភាគខាងត្បូងប្រទេសអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
បុគ្គលិកសង្គ្រោះបន្ទាន់ម្នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃនេះដែលបានចាប់ផ្តើមកាលពីថ្ងៃពុធនៅតំបន់ជួរភ្នំស្ថិតនៅផ្នែកខាងលើទីក្រុងរមណីយដ្ឋានដ៏ពេញនិយម អេស្តេប៉ូណា (Estepona)។
រដ្ឋាភិបាលអេស្ប៉ាញបានបញ្ជូនយោធាឲ្យទៅជួយក្រុមអ្នកពន្លត់អគ្គីភ័យដែលកំពុងតស៊ូពន្លត់ភ្លើងឆេះព្រៃនៅក្នុងតំបន់ជួរភ្នំនេះ។ ក្រុង និងភូមិចំនួន ៦ ផ្សេងទៀតត្រូវបានជម្លៀសមនុស្សចេញកាលពីថ្ងៃអាទិត្យ ហើយគេអាចមើលឃើញផ្សែងខ្មួលខ្មាញ់ ដែលកើតចេញពីភ្លើងឆេះព្រៃនោះពីចម្ងាយរាប់សិបគីឡូម៉ែត្រ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ ភ្លើងឆេះព្រៃនេះបានឆាបឆេះបំផ្លាញផ្ទៃដីអស់ជាង ៧.៤០០ហិកតា។
គួរកត់សម្គាល់ថា ភ្លើងឆេះព្រៃកន្លែងបានកើតឡើងជាច្រើនកន្លែងនៅក្នុងតំបន់អឺរ៉ុបក្នុងរដូវក្តៅនេះ។ ការប្រែប្រួលអាកាសធាតុបានបង្កើនហានិភ័យនៃអាកាសធាតុក្តៅស្ងួតដែលទំនងជាបង្កឱ្យមានភ្លើងឆេះព្រៃ៕
ប្រភព៖ BBC