អន្តរជាតិ៖ ភាពតានតឹងរវាងអ៊ីស្រាអែលនិងហាម៉ាស បាននិងកំពុងកើនឡើង បន្ទាប់ពីអ្នកទោសប៉ាឡេស្ទីន ៦ នាក់បានរត់គេចពីពន្ធនាគាររបស់អ៊ីស្រាអែល។ យន្តហោះអ៊ីស្រាអែល បានវាយប្រហារគោលដៅជាច្រើននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការបាញ់រ៉ុក្កែតឆ្ពោះទៅអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
យោធាអ៊ីស្រាអែល បាននិយាយថា ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសចូលទៅក្នុងតំបន់ ហ្គាហ្សា (Gaza) នៅថ្ងៃចន្ទនេះ ដែលជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតចេញពីដែនដីប៉ាឡេស្ទីនចូលមកក្នុងទឹកដីរបស់ខ្លួនរយៈពេល៣យប់ជាប់គ្នា។
យោធាអ៊ីស្រាអែលបាននិយាយថា រ៉ុក្កែតមួយដើមដែលត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា (Gaza) ចូលមកក្នុងប្រទេសអ៊ីស្រាអែលកាលពីយប់ថ្ងៃអាទិត្យត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់អ៊ីស្រាអែល ហើយកាលពីព្រឹកព្រលឹមថ្ងៃចន្ទនេះ មីស៊ីលមួយដើមទៀតក៏ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស អាយរ៉ុន ដូម (Iron Dome) ផងដែរ។ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីករណីស្លាប់ឬរងរបួសឡើយ។
ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស៊ីនបានកើនឡើងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះបន្ទាប់ពីសកម្មប្រយុទ្ធប៉ាឡេស្ទីនចំនួន៦នាក់បានរត់គេចពីពន្ធនាគារមួយនៅអ៊ីស្រាអែលកាលពីថ្ងៃទី០៦ ខែកញ្ញា។ ក្រោយមកកងកម្លាំងអ៊ីស្រាអែលតាមចាប់បាន៤នាក់។

យោធាអ៊ីស្រាអែលបានបន្តថា គេបានវាយប្រហារទៅលើគោលដៅជាច្រើនរបស់ក្រុម ហាម៉ាស់ (Hamas) ជាក្រុមប្រដាប់អាវុធដែលគ្រប់គ្រងនៅក្នុងតំបន់ហ្គាហ្សា (Gaza) ។ មិនមានសេចក្តីរាយការណ៍ពីករណីស្លាប់ឬរងរបួសឡើយ។
បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានបញ្ចប់ការប្រយុទ្ធគ្នាដ៏សាហាវដែលមានរយៈពេល១១ថ្ងៃកាលពីខែឧសភាដែលពេលនោះមានពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោច២៥០នាក់និងមនុស្ស១៣នាក់នៅអ៊ីស្រាអែលបានបាត់បង់ជីវិត៕
ប្រភព៖ Aljazeera
