ពូទីនថា រុស្ស៊ីត្រៀមខ្លួន សម្រាប់ការលុកលុយនិងធ្វើសង្គ្រាមជាមួយលោកខាងលិច ក្រោយបង្ហាញសមយុទ្ធទ្រង់ទ្រាយធំ កក្រើកព្រំដែនអឺរ៉ុប
អន្តរជាតិ
486

អន្តរជាតិ៖ ប្រទេសរុស្ស៊ីនិងបេឡារុស បានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលធ្វើឲ្យប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ បានព្រមានអំពី«ការបង្កហេតុ»ដែលអាចកើតមាន ខណៈដែលភាពតានតឹងកើនឡើងនៅតាមព្រំដែនខាងកើតរបស់សហភាពអឺរ៉ុប។

សារព័ត៌មាន Express បានចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា នៅថ្ងៃអង្គារទី១៤ខែកញ្ញានេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានត្រួតពិនិត្យការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅជិតទ្វីបអឺរ៉ុប ដោយក្នុងនោះ មានទាំងការលុកលុយនៅឆ្នេរសមុទ្រដោយយន្តហោះបើកបានទាំងលើគោកនិងក្នុងទឹក ធំបំផុតរបស់ពិភពលោកផងដែរ។

ប្រធានាធិបតីរុស្ស៊ី វ័យអាយុ ៦៨ ឆ្នាំរូបនេះ បានត្រួតពិនិត្យការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ« Zapad-2021» ដែលប្រព្រឹត្តទៅនៅទីក្រុង កាលីនីងហ្គ្រាដ(Kaliningrad) ដែលមានទីតាំងស្ថិតនៅចន្លោះប្រទេសប៉ូឡូញនិងលីទុយអានី ដោយមានឧបករណ៍យោធាជាង ២០០ ហើយ ការធ្វើសមយុទ្ធយោធានេះ ក៏រួមបញ្ចូលទាំងយន្តហោះធំបំផុតរបស់ពិភពលោក និងកងទ័ពរុស្ស៊ីរាប់ពាន់នាក់បានចូលរួមក្នុងសមយុទ្ធយោធានេះផងដែរ។

ប្រទេសរុស្ស៊ីបានអះអាងថា ការធ្វើសមយុទ្ធ នៅឆ្នាំនេះ មានការចូលរួមពីកងទ័ពចំនួន ២០ ម៉ឺននាក់ ប៉ុន្តែអ្នកជំនាញយោធា បានប៉ាន់ប្រមាណថា ចំនួននេះអាចនឹងទាបជាងនេះ ។ យ៉ាងណាមិញ ចំនួនកងទ័ពដែលត្រូវបានគេជឿជាក់ ថា មានចំនួនជិត ៥០.០០០ ទៅ ១០០.០០០ នាក់។

សមយុទ្ធនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី ១៦ ខែកញ្ញា ប៉ុន្តែទីក្រុងម៉ូស្គូ បានប្រកាសថា កងទ័ពរុស្ស៊ីនឹងមិនវិលត្រឡប់មកកាន់មូលដ្ឋានយោធារបស់ខ្លួនវិញទេ រហូតដល់ពាក់កណ្តាលខែតុលា។ ក្នុងនោះរដ្ឋមន្ត្រីការពារជាតិមិនបានផ្តល់ការពន្យល់ចំពោះការពន្យារពេលវិលត្រឡប់នេះនោះទេ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធសង្គ្រាមមួយនេះ មានបំណងសាកល្បងសមត្ថភាពរបស់ប្រទេស ដើម្បីប្រយុទ្ធប្រឆាំងសង្រ្គាមដ៏ធំមួយជាមួយណាតូនៅព្រំដែនភាគខាងជើងប្រទេសរុស្ស៊ី។ ហើយការ ចូលរួមសមយុទ្ធយោធានៅឆ្នេរខ្សាច់របស់លោក វ្ល៉ាឌីមៀ ពូទីន អាច បង្កឱ្យមានការភ័យខ្លាចសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានរុស្ស៊ីថា ពួកគេមិនបោះបង់ចោលជម្រើសធ្វើសង្គ្រាមជាមួយរុស្ស៊ីនោះទេ។ 

 លោក បានព្រមានថា ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងដល់កម្រិតមួយដែលពួកគេប្រហែលជាមិនអាចវិលត្រឡប់ចេញពីគ្រោះថ្នាក់បាននោះឡើយ ។ លើសពីនេះទៅទៀត ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ភាពតានតឹងរវាងអ៊ុយក្រែននិងរុស្ស៊ី បាននិងកំពុងកើនឡើងដល់កម្រិតមួយ ដែលព្យុះភ្លៀងកំពុងកើតឡើងរវាងប្រទេសជិតខាងទាំងពីរ។បន្ថែមពីនេះទៅទៀត សមយុទ្ធយោធានេះ បានធ្វើឱ្យប្រទេសនានាមានការព្រួយបារម្ភនៅផ្នែកខាងកើតនៃសហភាពអឺរ៉ុប ៕

ប្រភព៖  Express

Telegram