សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃច័ន្ទទី ២០ ខែកញ្ញានេះ បាននិយាយថា សម្ព័ន្ធភាពថ្មីរបស់អាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចសន្យានាវាមុជទឹកថ្មី របស់អាមេរិកជាមួយអូស្ត្រាលី នាពេលថ្មីៗនេះ អាចបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះថា កាលពីសប្តាហ៍មុននេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី បានប្រកាសពីការបង្កើតសម្ពន្ធភាពត្រីភាគីថ្មីមួយ ដែលមានអក្សរកាត់ថា «A-UK-US» ហើយនៅក្នុងនោះ អ្វីដែលអន្តរជាតិចាប់អារម្មណ៍បំផុត គឺកិច្ចសន្យាផ្តល់បច្ចេកវិទ្យា ដើម្បីជួយអូស្ត្រាលីក្នុងការផលិតនាវាមុជទឹក ដើរដោយថាមពនុយក្លេអ៊ែរ។ មិនត្រឹមតែប្រទេសចិន បារាំង និងឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ដែលបានចេញប្រតិកម្ម ក្នុងទម្រង់ផ្សេងៗគ្នា ដោយពេលនេះសូម្បីតែកូរ៉េខាងជើង ក៏បានចេញមុខព្រមាន ចំពោះអ្វីដែលសម្ពន្ធមិត្តទាំងបីខាងលើនេះ ទើបសម្រេចចេញក្តៅៗនោះផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសម្នាក់ថា «ទាំងអស់នេះគឺជាសកម្មភាពដែលគ្រោះថ្នាក់បំផុត និងគ្មាននរណាចង់ឃើញឡើយ... ព្រោះវានឹងបង្កអតុល្យភាពជាយុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជំរុញឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថែមទៀត។ ទង្វើបែបនេះពិតជាបង្ហាញថា សហរដ្ឋអាមេរិកគឺជាមេពិរុទ្ធជន ដែលកំពុងផ្តួលរំលំ ប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់អន្តរជាតិ»។
កាលពីថ្ងៃពុធសប្តាហ៍មុន កូរ៉េខាងជើង បានបាញ់តេស្តសាកល្បងមីស៊ីលពីរគ្រាប់ចូលទៅក្នុងសមុទ្រ ដោយទីក្រុងសេអ៊ូល បានបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីលផ្លោង ដែលបាញ់ចេញពី នាវាមុជទឹកនាប៉ុន្មានម៉ោងក្រោយមក ដោយក្លាយជាប្រទេសទី ៧ នៅលើពិភពលោកដែលមានបច្ចេកវិទ្យាមួយនេះ។
ភាពតានតឹងនៃការសាកល្បងមីស៊ីលនិងកិច្ចព្រមព្រៀង បានគូសបញ្ជាក់ពីការប្រកួតប្រជែងសព្វាវុធក្នុងតំបន់ កាន់តែខ្លាំងឡើង នៅពេលដែលការប្រកួតប្រជែងរវាងចិននិងអាមេរិកកើនឡើង។

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការរិះគន់ធ្ងន់ៗពីសំណាក់ ប្រទេសធំៗនៅលើពិភពលោក និងសូម្បីតែសម្ពន្ធមិត្តខ្លួនឯងនោះ អូស្ត្រាលីបានអះអាងតបវិញថា ការសម្រេចចិត្តបែបនេះ គឺដើម្បីផលប្រយោជន៍ជាតិ។ ដោយឡែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីចុងសប្តាហ៍មុននេះ បានស្នើសុំកិច្ចចរចាជាមួយ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ដើម្បីដោះស្រាយការប្រេះឆាគ្នារវាងសម្ពន្ធមិត្ត ព្រោះកិច្ចសន្យារវាង អាមេរិក អង់គ្លេស និងអូស្ត្រាលី បានធ្វើឲ្យបារាំងខាតបង់ ៤០ពាន់លានដុល្លារអាមេរិករួចទៅហើយ ពីការលុបចោលកិច្ចព្រមព្រៀងទិញ នាវាមុជទឹក-នុយក្លេអ៊ែររបស់អូស្ត្រាលី៕
ប្រភព៖ Channel News Asia
