ទីក្រុងប៉េកាំងវាយបកវិញថា របាយការណ៍ អាមេរិក អំពីក្បាលគ្រាប់នុយក្លេអ៊ែរចិន គឺគ្មានមូលដ្ឋានទាល់តែសោះ
អន្តរជាតិ
353

ក្រុងប៉េកាំង៖ ទីក្រុងប៉េកាំង បានវាយបកវិញនៅ ថ្ងៃព្រហស្បតិ៍ នេះ(ទី៤ ខែវិច្ឆិកា) ប្រឆាំងនឹងរបាយការណ៍របស់សហរដ្ឋអាមេរិកស្តីពីការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិនដោយហៅវាថា «គ្មានមូលដ្ឋានទាល់តែសោះ» ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានបង្កើនការគំរាមកំហែងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ការអត្ថាធិប្បាយរបស់ក្រសួងការបរទេសចិនបានធ្វើឡើង បន្ទាប់ពីមន្ទីរបញ្ចកោណបាននិយាយថា ប្រទេសចិន កំពុងបង្កើនអាវុធនុយក្លេអ៊ែររបស់ខ្លួន លឿនជាងការរំពឹងទុក ដោយកាត់បន្ថយគម្លាតជាមួយសហរដ្ឋអាមេរិក។

សូមជម្រាបថា របាយការណ៍របស់សហរដ្ឋអាមេរិកបាននិយាយថា ប្រទេសចិនអាចមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៧០០គ្រាប់ គ្រាប់នៅឆ្នាំ២០២៧ និងអាចឈានដល់ ១,០០០គ្រាប់ នៅឆ្នាំ ២០៣០ ដែលស្មើនឹងចំនួន ២.៥ដងនៃអ្វីដែលមន្ទីរបញ្ចកោណបានព្យាករណ៍កាលពីមួយឆ្នាំមុន។

ប៉ុន្តែរបាយការណ៍បានកត់សម្គាល់ឃើញថា ទីក្រុងប៉េកាំង ទំនងជាមិនស្វែងរកសមត្ថភាព ក្នុងការធ្វើការវាយប្រហារបរមាណូដែលមិនបង្កហេតុ ទៅលើសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា «របាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក ដូចជារបាយការណ៍ស្រដៀងគ្នាពីមុនដែរ វាគឺជាការមិនទទួលស្គាល់ការពិត និងពោពេញដោយភាពគ្មានមូលដ្ឋាន»។

លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់របាយការណ៍នេះដើម្បី «បង្កើនការពិភាក្សាអំពីការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសចិន» ហើយបានពណ៌នា សហរដ្ឋអាមេរិកថា ជា «ប្រភពនៃការគំរាមកំហែងនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក» ៕

Telegram