ចិន នឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត នៅច្រកឆ្លងកាត់ព្រំដែនជាមួយកូរ៉េខាងជើង ក្រោយវិបត្តិកូវីដ១៩
អន្តរជាតិ
125

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ទីក្រុង Dandong របស់ប្រទេសចិន មានគោលបំណងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត នៅច្រកឆ្លងកាត់ព្រំដែនជាមួយកូរ៉េខាងជើង ខណៈប្រទេសទាំងពីរបានដំណើរការឡើងវិញនូវការដឹកជញ្ជូនទំនិញតាមរថភ្លើងឆ្លងកាត់ព្រំដែន ដែលជំរុញឱ្យមានការរំពឹងទុកនៃការបើកឡើងវិញពេញលេញនៃព្រំដែនរវាងប្រទេសទាំង ២ ក្នុងពេលឆាប់ៗនេះ។

បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កូរ៉េខាងជើងបានបិទព្រំដែន នៅក្នុងខែមករាឆ្នាំ ២០២០ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលធ្វើដូច្នេះ បន្ទាប់ពីករណីនៃការឆ្លងកូវីដ ១៩ ត្រូវបានរាយការណ៍នៅក្នុងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ខ្លួន។ ស្របពេល ប្រទេសចិន ដែលមានគោលនយោបាយតឹងរឹងលើការបង្ការជំងឺកូវីដ ១៩ ក៏មានការប្រុងប្រយ័ត្នផងដែរក្នុងការបើកព្រំដែនរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀត។

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃលទ្ធកម្មរបស់រដ្ឋាភិបាលក្រុង Dandong ចុះថ្ងៃទី ១ ខែវិច្ឆិកា បានអញ្ជើញក្រុមហ៊ុនឱ្យដេញថ្លៃសម្រាប់ការគ្រប់គ្រងការសាងសង់នៅកំពង់ផែច្រកចូលនៅស្ពានទន្លេយ៉ាលូ ថ្មី ដែលជាផ្លូវតភ្ជាប់រវាងក្រុង Dandong ជាមួយទីក្រុង Sinuiju របស់កូរ៉េខាងជើង។

ទន្ទឹមនឹងនេះដែរ រថភ្លើងពី Dandong បានបន្តការដឹកជញ្ជូនទំនិញតាមផ្លូវដែកឆ្លងកាត់ព្រំដែនទន្លេ Yalu ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទទី ១ ខែវិច្ឆិកា។ នេះបើតាមវិទ្យុ Free Asia ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានរាយការណ៍ដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណ។

ការបន្តឡើងវិញនៃការដឹកជញ្ជូនតាមផ្លូវដែកនឹងមានន័យថានឹងមានការផ្គត់ផ្គង់ទំនិញពាណិជ្ជកម្ម និង ជំនួយសម្រាប់ប្រទេសកូរ៉េខាងជើង ខណៈដែលកូរ៉េខាងជើងកំពុងជួបវិបត្តិសេដ្ឋកិច្ច និង ជាអ្វីដែលអ្នកវិភាគបរទេសជឿថាជាកង្វះអាហារធ្ងន់ធ្ងរ។ ស្ពានថ្មីឆ្លងកាត់ទន្លេ Yalu មិនដែលត្រូវបានប្រើប្រាស់ចាប់តាំងពីការស្ថាបនាត្រូវបានបញ្ចប់កាលពីប៉ុន្មានឆ្នាំមុន ដោយសារតែផ្នែកនៅខាងកូរ៉េខាងជើងមិនទាន់ត្រូវបានសាងសង់នៅឡើយ។

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលកូរ៉េខាងជើងបានពឹងផ្អែកលើចិនសម្រាប់ប្រេង, ជី និង ផ្នែកមេកានិច ដើម្បីរក្សាភាពស្ថិតស្ថេរ ចំពេលមានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើ កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ពួកគេ ៕

ប្រភព៖  Channel News Asia

Telegram