កូរ៉េខាងជើង ឲ្យកងទ័ពរបស់ខ្លួនប្រកួតប្រជែងបាញ់កាំភ្លើងធំ ពង្រឹងសមត្ថភាពការពារប្រទេស
អន្តរជាតិ
102

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា កងទ័ពមេកានិចកូរ៉េខាងជើង បានរៀបចំការប្រកួតបាញ់កាំភ្លើងធំកាលពីចុងសប្តាហ៍ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពការពាររបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា សមយុទ្ធនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទី ៦ ខែវិច្ឆិកា ហើយបានកើតឡើងស្របពេលដែលកូរ៉េខាងជើងត្អូញត្អែរកាន់តែខ្លាំងឡើងលើអ្វីដែលខ្លួនមើលឃើញថា ជាស្ដង់ដារទ្វេ ដែលសកម្មភាពយោធារបស់ខ្លួនទទួលបានការរិះគន់ពីអន្តរជាតិ ប៉ុន្តែនៅពេលដែលសមយុទ្ធស្រដៀងគ្នា ដោយកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកជាធម្មតាមិនមានប្រតិកម្មអ្វីទាំងអស់។

ក្រុមអ្នកវិភាគបាននិយាយថា ទីក្រុងព្យុងយ៉ាងកំពុងស្វែងរកការធ្វើឱ្យសកម្មភាពការពារជាតិរបស់ខ្លួន មានលក្ខណៈធម្មតា ដោយមានគោលបំណងចង់ឈ្នះការទទួលយកជាអន្តរជាតិ នូវអាវុធនុយក្លេអ៊ែរ និងអាវុធមីស៊ីលផ្លោងរបស់ខ្លួន ដែលត្រូវបានដាក់ទណ្ឌកម្ម ដោយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សូមជម្រាបថា កងកម្លាំងកាំភ្លើងធំធម្មតារបស់កូរ៉េខាងជើងភាគច្រើន ត្រូវបានដាក់ពង្រាយតាមព្រំដែនជាមួយកូរ៉េខាងត្បូង ជាកន្លែងដែលពួកគេមានជួរទៅដល់ឆ្ងាយរហូតដល់រដ្ឋធានីសេអ៊ូល ដែលមានប្រជាជនរស់នៅច្រើន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា សមយុទ្ធនេះកើតឡើង ដើម្បីសាទរក្នុងការទទួលការហ្វឹកហ្វឺនយ៉ាងខ្លាំងក្លារបស់កងទ័ពប្រជាជនកូរ៉េ (KPA) សម្រាប់ការឈានទៅរកភាពរុងរឿងថ្មី ក្នុងការពង្រឹងសមត្ថភាពការពាររដ្ឋ ក្រោមផ្ទាំងបដានៃការការពារខ្លួន ។ វាត្រូវបានត្រួតពិនិត្យដោយលោក Pak Jong Chon សមាជិកនៃគណៈប្រធានការិយាល័យនយោបាយ និងជាលេខាធិការនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករដែលកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើង ។

បន្ថែមពីនេះ ប្រទេសកូរ៉េខាងជើងក៏កំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ និងមីស៊ីល ដោយផ្អែកលើផែនការការពាររយៈពេល ៥ ឆ្នាំដែលបង្ហាញដោយមេដឹកនាំ គីម ជុងអ៊ុន ក្នុងខែមករា ។ ស្របពេលជាមួយគ្នានេះ ប្រទេស នេះ កំពុង ព្យាយាម បង្ហាញ ថា ខ្លួន ក៏ មាន បំណង បង្កើន សមត្ថភាព សព្វាវុធ សាមញ្ញ និង លើក កម្ពស់ សីលធម៌ សាធារណៈផងដែរ ។

គួរបញ្ជាក់ថា ថ្មីៗនេះកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងជាច្រើនប្រភេទ រួមទាំងមីស៊ីលបាញ់ចេញពីនាវាមុជទឹក ចាប់តាំងពីខែកញ្ញាមក ៕

ប្រភព៖ Channel News Asia

Telegram