វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានសម្រេចបើកច្រកព្រំដែនគោក និងផ្លូវអាកាសឡើងវិញនៅថ្ងៃចន្ទ ទី៨ វិច្ឆិកានេះ ដើម្បីទទួលភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ពេញលេញ ដោយបញ្ចប់វិធានការ ដែលដាក់កំហិតអស់រយៈពេល ២០ខែលើការធ្វើដំណើរពីជុំវិញពិភពលោក។ វិធានការនេះបណ្ដាលឱ្យខកខានក្នុងការជួបជុំក្រុមគ្រួសារ រំខានដល់វិស័យទេសចរណ៍ និងបង្កភាពតឹងតែងក្នុងទំនាក់ទំនងការទូតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី៨ វិច្ឆិកា ឆ្នាំ២០២១។
បម្រាមនេះត្រូវបានអនុម័តដោយអតីតប្រធានាធិបតីលោកដូណាល់ត្រាំ កាលពីដើមឆ្នាំ២០២០ ហើយបន្តអនុវត្តដោយប្រធានាធិបតីថ្មីលោកចូ បៃដិន ហើយវាត្រូវបានរិះគន់ពាសពេញប្រទេស។ វិធានការនេះទៀតសោត ត្រូវបានរឹតបន្តឹងចំពោះប្រទេសអឺរ៉ុបមួយចំនួន ក៏ដូចជាប្រទេសក្បែរខាងអាមេរិកគឺកាណាដានិងម៉ិចស៊ិកូជាដើម។
ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់កូវីដ១៩ សហរដ្ឋអាមេរិកបិទព្រំដែនបន្ទាប់ពីខែមីនាឆ្នាំ២០២០ ចំពោះអ្នកដំណើរមកពីប្រទេសភាគច្រើនលើពិភពលោក ក្នុងនោះរួមមានសហភាពអឺរ៉ុប អង់គ្លេស ចិន ឥណ្ឌា និងប្រេស៊ីល។
ការបើកប្រទេសឡើងវិញនេះ បានផ្ដល់ឱកាសឱ្យក្រុមគ្រួសារបានជួបជុំគ្នាឡើងវិញក្រោយបែកគ្នាអស់ជាង២០ខែ ជើងហោះហើរឆ្លងមហាសមុទ្រអាត្លង់ទិកមានការកើនឡើងផងដែរ។ រដ្ឋធំៗនៅជាប់ព្រំដែនម៉ិកស៊ិក ដូចជារដ្ឋតិចសាស់ និងរដ្ឋកាលីហ្វ័រញ៉ា រងផលប៉ះពាល់លើសេដ្ឋកិច្ចយ៉ាងខ្លាំងដោយសារវិធានការសុខាភិបាលនេះ ហើយឥឡូវនេះរងចាំវិលទៅរកសភាពធម្មតាវិញ។
លើសពីនេះ ទោះជាបើកប្រទេសវិញក៏ពិតមែន ប៉ុន្តែការធ្វើដំណើរចូលសហរដ្ឋអាមេរិកមិនមែនគ្មានវិធានការអ្វីឡើយ។ អាជ្ញាធរអាមេរិក តម្រូវឱ្យអ្នកធ្វើដំណើរចាំបាច់ ត្រូវតែបានចាក់វ៉ាក់សាំងពេញលេញ ហើយមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ មុនធ្វើដំណើររយៈពេល៧២ម៉ោងផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលអាមេរិកបានបញ្ជាក់ថា រាល់វ៉ាក់សាំងដែលទទួលស្គាល់ដោយរដ្ឋបាលអាហារនិងឱសថអាមេរិកក៏ដូចជាអង្គការសុខភាពពិភពលោក ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរតាមអាកាសចូលមកអាមេរិក។ ក្នុងនោះរូចមានវ៉ាក់សាំង អាស្ត្រាសេនីការ(AstraZeneca) ចនសាន់អេនចនសាន់(Johnson & Johnson) មូឌើណា(Moderna) ភីហ្វាយសឺបាយអូអេនធិច(Pfizer/BioNTech) កូវ៉ាក់ស៊ីន(Covaxin) ស៊ីណូហ្វាម(Sinopharm) និងស៊ីណូវ៉ាក់(Sinovac)៕
ប្រភព៖ Bangkok Post