អ៊ីរ៉ង់ ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ បន្ទាប់ពីការប្រឈមមុខដាក់គ្នា ជាមួយកងទ័ពជើងទឹក អាមេរិក
អន្តរជាតិ
236

អ៊ីរ៉ង់៖ កងទ័ពអ៊ីរ៉ង់ កំពុងធ្វើសមយុទ្ធយោធាផ្លូវគោក និងផ្លូវអាកាសទ្រង់ទ្រាយធំ ដែលកើតឡើងភ្លាមៗបន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានការប្រឈមមុខដាក់គ្នានៅសមុទ្រ Oman ជុំវិញកប៉ាល់ដឹកប្រេងដែលរឹបអូស។

សមយុទ្ធនេះ ត្រូវបានចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងថានឹងបញ្ចូលទាហាន នាវា រថពាសដែក យន្តហោះគ្មានមនុស្សបើក និងមីស៊ីស ព្រមទាំងប្រព័ន្ធកាំជ្រួច និងរ៉ាដា ទាំងសមត្ថភាពវាយលុក និងការពារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Abdolrahim Mousavi អគ្គមេបញ្ជាការនៃកងទ័ពអ៊ីរ៉ង់ បានប្រាប់ទូរទស្សន៍រដ្ឋថា សមយុទ្ធនេះនឹងត្រូវធ្វើឡើងនៅក្នុងតំបន់ដែលគ្របដណ្តប់មួយលានគីឡូម៉ែត្រការ៉េ (386,000 ម៉ាយការ៉េ) ភាគខាងកើតនៃច្រកសមុទ្រ Hormuz នៃសមុទ្រ Oman និងផ្នែកភាគខាងជើង នៃមហាសមុទ្រឥណ្ឌា។

កងទ័ពអ៊ីរ៉ង់ និង IRGC បានធ្វើ សមយុទ្ធទ្រង់ទ្រាយធំជាច្រើន នៅក្នុងផ្នែកផ្សេងៗនៃប្រទេសក្នុងប៉ុន្មានខែថ្មីៗនេះ ចំពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងការគំរាមកំហែងដោយអ៊ីស្រាអែល ។

មន្ត្រីយោធាអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យបានបន្តសរសើរសមត្ថភាពយោធារបស់ប្រទេស ទាក់ទងនឹងការប្រឈមមុខដាក់គ្នាលើនាវាដឹកប្រេងដែលមានទង់ជាតិវៀតណាម ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃពុធ ពួកគេបាននិយាយថា សហរដ្ឋអាមេរិក បានព្យាយាមរឹបអូស ដើម្បី «លួច»ទំនិញដឹកជញ្ជូនប្រេងអ៊ីរ៉ង់។ គេ មិន ដឹង ថា តើ នាវា ដឹក ប្រេង នោះ កំពុង ធ្វើ ដំណើរ ទៅ ណា ទេ។

លោក Yadollah Javani អនុប្រធានផ្នែកនយោបាយរបស់ IRGC បានប្រាប់ទូរទស្សន៍រដ្ឋថា សហរដ្ឋអាមេរិកកំពុងព្យាយាមរារាំងការលក់ប្រេងរបស់អ៊ីរ៉ង់ និងអនុវត្តទណ្ឌកម្មឯកតោភាគីដែលខ្លួនបានដាក់បន្ទាប់ពីការដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៨ ឆ្នាំ ២០១៥៕

ប្រភព៖ Al Jazeera

Telegram