មេដឹកនាំបក្សកុម្មុយនីស្ដចិន ផ្ដើមប្រជុំពេញអង្គ ដែលរំពឹងពង្រឹងអំណាចរបស់​លោកស៊ី ជិនពីង
អន្តរជាតិ
314

ក្រុងប៉េកាំង៖ មេដឹកនាំកំពូលៗនៃបក្សកុម្មុយនីស្ដដែលកំពុងកាន់អំណាចរបស់ប្រទេសចិន បានចាប់ផ្តើមកិច្ចប្រជុំដ៏សំខាន់មួយដែលរំពឹងថានឹងបន្ពពង្រឹងការកាន់អំណាចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ឲ្យកាន់តែរឹងមាំ។

បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា នៅថ្ងៃចន្ទទី ៨ ខែវិច្ឆិកា សមាជិកប្រហែល ៤០០ នាក់នៃគណៈកម្មាធិការកណ្តាលដ៏មានឥទ្ធិពលរបស់គណបក្សនេះ បានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំងសម្រាប់កិច្ចប្រជុំពេញអង្គរយៈពេល ៤ ថ្ងៃ ហើយគឺជាជំនួបបិទទ្វារ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ិនហួរ (Xinhua) បានបង្ហាញថា លោក ស៊ី ជិនពីង បានបើកកិច្ចប្រជុំជាមួយនឹងរបាយការណ៍ការងារ និងការពន្យល់អំពីសេចក្តីព្រាងស្តីពីសមិទ្ធផលសំខាន់ៗ និងស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់គណបក្សក្នុងរយៈពេល ១០០ ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ពួកគេ។ សេចក្តីព្រាងនេះ នឹងកំណត់ទិសដៅសម្រាប់សមាជបក្សលើកទី ២០ នៅឆ្នាំក្រោយ ដែលលោក ស៊ី ត្រូវបានគេរំពឹងថានឹងប្រកាសថាលោកនឹងកាន់តំណែងនៅអាណត្តិទីបី ដោយពង្រឹងតួនាទីរបស់លោកជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនចាប់តាំងពីលោក ម៉ៅ សេទុង (Mao Zedong)មក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានសាទរចំពោះភាពជាអ្នកដឹកនាំរបស់លោក ស៊ី ក្នុងការដំណើរការកិច្ចប្រជុំនៅសប្តាហ៍នេះ ដោយទីភ្នាក់ងារសារព័ត៌មានបានប្រកាសថា៖«លោក ស៊ី គឺជាបុរសដែលមានគំនិតនិងអារម្មណ៍ដ៏អស្ចារ្យ, បុរសម្នាក់ដែលទទួលមរតក ប៉ុន្តែហ៊ានច្នៃប្រឌិត និងជាមនុស្សដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយ​តាំង​ចិត្ត​ធ្វើ​ការ​ដោយ​មិន​ចេះ​នឿយ​ហត់»។ លោក ស៊ី ត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនចាប់តាំងពីលោក ម៉ៅ។ ការកាន់តំណែងរបស់លោក ស៊ី ត្រូវបានសម្គាល់ដោយការបង្ក្រាបការប្រឆាំងអំពើពុករលួយ, គោលនយោបាយគាបសង្កត់នៅក្នុងតំបន់ដូចជា Xinjiang, ទីបេ និង ហុងកុង និង វិធីសាស្ត្រអះអាងកាន់តែខ្លាំងឡើងចំពោះទំនាក់ទំនងបរទេស។

លើសពីនេះ លោកក៏បានបង្កើតនូវទំនៀមទម្លាប់នៃភាពជាអ្នកដឹកនាំ ដែលបានបំបាត់ការរិះគន់, កម្ចាត់គូប្រជែង និង ណែនាំទ្រឹស្តីនយោបាយផ្ទាល់ខ្លួនរបស់លោក ដែលត្រូវបានគេស្គាល់ថាជា «គោលគំនិតស៊ី ជិនពីអ (Xi Jinping Thought)» ដល់សិស្សសាលាផងដែរ។ ថ្មីៗនេះ លោក ស៊ី បានចាប់ផ្តើមយុទ្ធនាការនៃវិបុលភាពរួម ដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយវិសមភាពទ្រព្យសម្បត្តិ និង រឹតបណ្តឹងការត្រួតពិនិត្យលើក្រុមហ៊ុនយក្សអាជីវកម្មក្នុងស្រុក៕

ប្រភព៖ Channel News Asia

Telegram