ប៉េកាំង៖ អវកាសយានិកចិនលោកស្រី វ៉ាង យ៉ាភីង (Wang Yaping) ទើបតែបានក្លាយជាស្រ្តីជនជាតិចិនដំបូងគេបង្អស់ ដែលបានចេញបណ្តែតខ្លួននៅក្នុងទីអវកាស ស្របពេលដែលក្រុមការងារលោកស្រី បានបំពេញការងាររយៈពេល៦ម៉ោង នៅក្រៅស្ថានីយអវកាសចិន ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់។
បើតាមសារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានីយអវកាសចិន ធានគុង (Tiangong) គឺជាគោលដៅសមិទ្ធផលថ្មីចុងក្រោយបង្អស់ ក្នុងកិច្ចប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីប្រែក្លាយខ្លួន ឲ្យទៅជាមហាអំណាចធំមួយខាងវិស័យអវកាស បន្ទាប់ពីការចុះចតយាន នៅលើផ្ទៃភពអង្គារ និងការបញ្ជូនយានជាបន្តបន្ទាប់ ទៅកាន់ឋានព្រះចន្ទ។
កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ លោកស្រី វ៉ាង និងអវកាសយានិកចិនមួយរូបទៀតគឺ លោក ចាយ ជីកាង (Zhai Zhigang) បានចេញក្រៅបន្ទប់ស្ថានីយ ដើម្បីដំឡើងឧបករណ៍មួយចំនួន ដែលវាគឺជាផ្នែកនៃការងារសាងសង់ស្ថានីយអវកាស។ អាជ្ញាធរអវកាសចិន នៅថ្ងៃចន្ទនេះ ក៏បានចេញសេចក្តីថ្លែងការណ៍ថា វាគឺជាលើកទីមួយហើយ នៅក្នុងប្រវត្តិសាស្រ្តអវកាសចិន ដែលការចេញបណ្តែតខ្លួនធ្វើការងារក្នុងទីអវកាស មានស្រ្តីចូលរួមបែបនេះ។
ស្ថានីយអវកាស ធានគុង ត្រូវគេរំពឹងថា នឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២២ ហើយអាចធ្វើប្រតិបត្តិការបានសម្រាប់ រយៈពេលយ៉ាងតិច ១០ឆ្នាំ។ លោកស្រី វ៉ាង លោក ចាយ រួមជាមួយសមាជិកម្នាក់ទៀត នឹងត្រូវស្នាក់នៅក្នុងស្ថានីយអវកាស ធានគុង រយៈពេល៦ខែ បន្ទាប់អ្នកទាំង៣ បាន ឡើងទៅដល់ទីនោះ កាលពីពាក់កណ្តាលខែតុលា កន្លងទៅ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសចិន មានអវកាសយានិកជាស្រ្តីចំនួន២រូប។ ក្រៅពីលោកស្រី វ៉ាង ម្នាក់ទៀតគឺលោកស្រី លីវ យ៉ាង (Liu Yang)។ លោកស្រី លីវ ជាស្រ្តីជនជាតិចិនដំបូងគេបង្អស់ ដែលបានធ្វើដំណើរឡើងទីអវកាស៕
ប្រភព៖ Channel News Asia