អន្តរជាតិ៖ រូបភាពពីផ្កាយរណប Maxar បានបង្ហាញថា កងទ័ពរំដោះប្រជាជនចិន បានសាងសង់នាវាដោយចម្លងតាមរូបរាងនាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិក និងនាវាចម្បាំងអាមេរិកផ្សេងទៀត ដែលអាចជាគោលដៅសម្រាប់ហ្វឹកហាត់បាញ់គ្រាប់ធុនធ្ងន់ នៅលើវាលខ្សាច់មួយស្ថិតនៅក្នុងតំបន់Xinjiang ។
បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការចម្លងគំរូនាវាទាំងនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ចិនក្នុងការបង្កើនសមត្ថភាពប្រឆាំងនាវាផ្ទុកយន្តហោះ ជាពិសេសប្រឆាំងនឹងកងទ័ពជើងទឹកអាមេរិក ខណៈភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន នៅតែមានកម្រិតមួយខ្ពស់ជុំវិញបញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។
សូមជម្រាបថា រូបភាពដែលបានពីផ្កាយរណបបានបង្ហាញថាពីរូបភាពពេញលេញនៃគំរូនាវាផ្ទុកយន្តហោះរបស់អាម៉េរិក ហើយយ៉ាងហោចណាស់មាននាវាពិឃាត Arleigh Burke-class ពីរគ្រឿងកំពុងសាងសង់ឡើងនៅតំបន់ដ៏ស្មុគស្មាញមួយនិងជាគោលដៅថ្មីនៅវាលខ្សាច់តាឡាម៉ាកាន(Taklamakan)។
វិទ្យាស្ថានទ័ពជើងទឹកអាមេរិក បានរាយការណ៍ថា អគាររោងជាងនេះ ត្រូវបានប្រើប្រាស់សម្រាប់ការសាកល្បងកាំជ្រួចផ្លោងចម្ងាយឆ្ងាយ ដោយដកស្រង់ពីក្រុមហ៊ុនស៊ើបការណ៍ភូមិសាស្ត្រ All Source Analysis។ ទីក្រុងប៉េកាំង បានកំពុង អភិវឌ្ឍន៍ និងបាញ់សាកល្បងមីស៊ីផ្លោង ប្រឆាំងនឹងនាវាចំបាំង អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងរយៈពេលប៉ុន្មានខែចុង ក្រោយនេះ អាមេរិកបាន ធ្វើការព្រមានថា ចិនបានពង្រីកវិស័យយោធារបស់ខ្លួនយ៉ាងលឿន រួមមានសមត្ថភាព នុយក្លេអ៊ែរ ខណៈដែលភាពតានតឹងនៅសមុទ្រចិនខាងត្បូង កំពុងកើនឡើងយ៉ាងខ្លាំង។
សូមបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ចិនត្រូវបានគេសង្ស័យថា បានធ្វើការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដែល មានសមត្ថភាពបំពាក់នុយក្លេអ៊ែរ។ មីស៊ីលនោះអាចហោះក្នុងបរិយាកាសលឿនជាងសំឡេងចំនួន៥ដង ដែលធ្វើឲ្យទីក្រុងវ៉ាស៊ីន តោន មានការព្រួយបារម្ភ។ ប៉ុន្តែក្រោយមកទីក្រុងប៉េកាំង បានបដិសេធចំពោះការចុះផ្សាយ និង បាននិយាយថាវា គឺជាការត្រួតពិនិត្យយាន្តអវកាសជាទម្លាប់។
បន្ថែមពីនេះ យោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយបង្អស់របស់មន្ទីរបញ្ចកោណស្តីពីយោធារបស់ចិន កងនាវាចរណ៍របស់ផែនកម្លាំងគ្រាប់រុក្កែត នៃកងទ័ពរំដោះប្រជាជនចិន បានធ្វើប្រតិបត្តិការបាញ់គ្រាប់ពិតលើកដំបូងរបស់ខ្លួន ចូលទៅក្នុងសមុទ្រចិនខាងត្បូងក្នុងខែកក្កដាឆ្នាំ ២០២០។
ក្នុងប្រតិបត្តិការនេះ ចិនបានបាញ់មីស៊ីលផ្លោងប្រឆាំងនាវា DF-21 ចំនួន ៦គ្រាប់ចូលទៅក្នុងដែនទឹកភាគខាងជើងនៃកោះ Spratly ដែលជាកន្លែងចិនកំពុង មាន ជម្លោះ ទឹកដី ជាមួយ តៃវ៉ាន់ និង ប្រទេស អាស៊ីអាគ្នេយ៍ ចំនួន បួនផ្សេងទៀត។
ក្នុងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគីន(Antony Blinken) បាននិយាយកាលពីខែកក្កដាឆ្នាំ២០២១នេះថា សហរដ្ឋអាមេរិក នឹងការពារប្រទេសហ្វីលីពីន ប្រសិនបើប្រទេសនេះទទួលរងការវាយប្រហារណាមួយនៅសមុទ្រចិនខាងត្បូង ហើយបានព្រមានចិនឱ្យបញ្ឈប់ «អាកប្បកិរិយាបង្កហេតុ» របស់ខ្លួនជាបន្ទាន់៕
ប្រភព៖ Channel Nnews Asia