មន្ត្រីអាមេរិក៖ ជំនួបកំពូលតាមប្រព័ន្ធវីដេអូ រវាងលោក បៃដិន និងលោក ស៊ី ជិនពីង នឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ
អន្តរជាតិ
164

វ៉ាស៊ីនតោន៖ កិច្ចប្រជុំនិម្មិតមួយដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងមេដឹកនាំចិនលោក ស៊ី ជិនពីង នឹងត្រូវធ្វើឡើងភ្លាមៗនៅសប្តាហ៍ក្រោយនេះ នេះបើមន្ត្រីអាមេរិកម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រ ។

បើតាមសារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ ដែលដឹងពីការរៀបចំកិច្ចប្រជុំរវាងមេដឹកនាំកំពូលនៃប្រទេសទាំង២។ ប៉ុន្តែ ខាងសេតវិមាន និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានទទួលស្គាល់ថាតើកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយមែន ដែរឬក៏យ៉ាងណានោះទេ ខណៈសេតវិមានអះអាងថាកិច្ចពិភាក្សាពីការរៀបចំកិច្ចប្រជុំកំពុងធ្វើដំណើរការនៅឡើយ។

ក្រុមមន្ត្រីជឿជាក់ថាកិច្ចចរចាជាមួយលោក ស៊ី ជិនពីង គឺជាមធ្យោបាយមួយដ៏ល្អក្នុងការបង្ការកុំឱ្យភាពតានតឹងរវាងប្រទេសទាំង២ ក្លាយជាទៅជាជម្លោះ។ ភាគីទាំង២ ក៏ធ្លាប់បាន ឱ្យដឹងដែរថាពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយ ជាគោលការណ៍ក្នុងការរៀបចំជំនួបរវាងលោក បៃដិន និងលោក ស៊ី នៅមុនដំណាចឆ្នាំ២០២១នេះ បន្ទាប់ពីកិច្ចពិភាក្សា រវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងមន្ត្រីការទូតកំពូលចិន លោក Yang Jiechi នៅទីក្រុង Zurich ប្រទេសស្វីស កាលពីខែតុលាកន្លងទៅនេះ៕

ប្រភព៖ Channel News Asia

Telegram