ក្រុងប៉េកាំង៖ យោធាចិន បានប្រកាសថា ខ្លួនបានធ្វើសកម្មភាពល្បាត ត្រៀមប្រយុទ្ធក្នុងទិសដៅឆ្ពោះទៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីក្រសួងការពារជាតិចិន បានថ្កោលទោសដំណើរទស្សនកិច្ចគណៈប្រតិភូសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ដោយប្រើប្រាស់យន្តហោះយោធា។
បើតាមសារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកនាំពាក្យយោធាចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតដែនអាកាសនេះ គឺមានគោលបំណងឆ្លើយតបចំពោះវោហារសាស្រ្ត និងសកម្មភាពរបស់បរទេស ដែលប្រព្រឹត្តខុសយ៉ាងធ្ងន់ធ្ងរលើបញ្ហាតៃវ៉ាន់ និងសកម្មភាពផ្សេងៗដែលគាំទ្រឯករាជ្យរបស់កោះនេះ។
សូមជម្រាបថា ភាពតានតឹងនៅ ច្រកសមុទ្រតៃវ៉ាន់បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយតៃវ៉ាន់បានអះអាងពីបេសកកម្មម្តងហើយម្តងទៀតរបស់កងទ័ពអាកាសរបស់ប្រទេសចិន នៅជិតកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងអះអាងថាជាដែនដីរបស់ ខ្លួន។
ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា យន្តហោះយោធាចិនចំនួន ៦គ្រឿង បានចូលទៅក្នុងតំបន់ការពារដែនអាកាស ភាគនិរតីរបស់ខ្លួន កាលពីថ្ងៃអង្គារ ក្នុងនោះរួមមានទាំងយន្តហោះចម្បាំង J-16 ចំនួន៤គ្រឿង និងយន្តហោះស៊ើបការណ៍ ២គ្រឿង។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់មួយចំនួនបានផ្សាយកាលពីថ្ងៃអង្គារទី០៩វិច្ឆិកាថា មានសមាជិករដ្ឋសភានិងព្រឹទ្ធសភាអាមេរិកបានមកដល់ទិក្រុងតៃប៉ិតាមយន្តហោះយោធាអាមេរិក។
លោកនាយករដ្ឋមន្ត្រីតៃវ៉ាន់ ស៊ូ សេងឆាង(Su Tseng-chang) ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះ ថាទំនាក់ទំនងតៃវ៉ាន់អាម៉េរិក គឺ«សំខាន់» ហើយលោកគោរពទំនាក់ទំនងទ្វេភាគីរវាងសម្ព័ន្ធមិត្ត។ លោកបន្តថា រដ្ឋាភិបាលតៃវ៉ាន់នឹងធ្វើការរៀបចំដ៏សមរម្យមួយផ្អែកលើតម្រូវការរួមគ្នា។ក្នុងនោះ មន្ទីរបញ្ចកោណ បានលើកឡើងថា នេះមិនមែនជារឿងចម្លែកទេ ដែលគណៈប្រតិភូសភាអាមេរិកត្រូវបានធ្វើដំណើរតាមយន្តហោះយោធានោះ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby មិនបានបញ្ជាក់ពីអត្តសញ្ញាណប្រតិភូ ដែលមកបំពេញទស្សនកិច្ចលើកនេះទេ ដោយគ្រាន់តែបញ្ជាក់ថា នេះជាទស្សនកិច្ចសភាប្រចាំឆ្នាំលើកទី២ ទៅតៃវ៉ាន់តែប៉ុណ្ណោះ។ មន្រ្តីដដែលក៏សង្កត់ធ្ងន់ថា«លើកនេះមិនធម្មតានោះទេ»។
គួរបញ្ជាក់ថា ចិនដីគោកនឹងប្រើប្រាស់កម្លាំងដើម្បីកាន់កាប់តៃវ៉ាន់ ផ្ទុយទៅវិញតៃវ៉ាន់នៅតែរក្សាជំហរជារដ្ឋឯករាជ្យ ហើយប្ដេជ្ញាការពារសេរីភាពនិងប្រជាធិបតេយ្យរបស់ខ្លួន។
កាលពីខែមិថុនា ក្រសួងការពារជាតិរបស់ប្រទេសចិនបានថ្កោលទោសដំណើរទស្សនកិច្ចសមាជិកព្រឹទ្ធសភាអាមេរិក ៣រូប ទៅកាន់កោះតៃវ៉ាន់ តាមរយៈយន្តហោះយោធាអាមេរិក ដោយបានហៅទង្វើនេះថា ជា«ការញុះញង់នយោបាយដ៏អាក្រក់»ដែលគ្មានភាពទទួលខុសត្រូវ និងប្រកបដោយគ្រោះថ្នាក់៕
ប្រភព៖ Channel News Asia