មីយ៉ាន់ម៉ា៖ អ្នកនាំពាក្យក្រុមបះបោរអារ៉ាកាន បាននិយាយកាលពីថ្ងៃពុធថា កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បានប៉ះទង្គិចជាមួយក្រុមយុទ្ធជនសកម្មប្រយុទ្ធដ៏សំខាន់មួយនៅក្នុងរដ្ឋរ៉ាឃីន ដោយបំពានបទឈប់បាញ់ ដើម្បីរក្សាសន្តិភាព នៅតំបន់ភាគខាងលិចចាប់តាំងពីមានរដ្ឋប្រហារមក។
បើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងស្ថិតក្នុងភាពវឹកវរតាំងពីខែកុម្ភៈមកម្ល៉េះ ជាមួយនឹងការបង្ក្រាបយ៉ាងឃោរឃៅលើអ្នកប្រឆាំង លើសពីនេះក៏មានការកើនឡើងនូវការប្រយុទ្ធគ្នានៅតាមព្រំដែនដែលពាក់ព័ន្ធនឹងអង្គការប្រដាប់អាវុធជនជាតិភាគតិចតាមតំបន់។
សូមជម្រាបថា ប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើរដ្ឋប្រហារ របបយោធាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះបទឈប់បាញ់ជាមួយកងទ័ពអារ៉ាកាន (Arakan Army) ដែលបានប្រយុទ្ធយ៉ាងបង្ហូរឈាម ដើម្បីស្វ័យភាពសម្រាប់ប្រជាជនជនជាតិភាគតិចរ៉ាឃីន(Rakhine)នៃរដ្ឋរ៉ាឃីន។
បន្ថែមពីនេះ បទ ឈប់ បាញ់ នេះ បានអនុញ្ញាតឱ្យ កងទាហានរដ្ឋាភិបាល យោធាប្រយុទ្ធ ប្រឆាំង នឹង «កងកម្លាំង ស្វ័យ ការពារ» ក្នុងស្រុក ដែល បានបះបោរឡើង នៅ ទូទាំង ប្រទេស ប្រឆាំង នឹងរបប យោធា។
គួរបញ្ជាក់ថា អ្នកនាំពាក្យកងទ័ពអារ៉ាកាន បានប្រាប់សារព័ត៌មានAFPថា មានការផ្ទុះអាវុធ នៅភាគខាងជើងក្រុងមឿងដរ(Maungdaw) ដោយសារទាហានរបបសឹកបានចូលទៅក្នុងតំបន់នោះ ប៉ុន្តែមិនមានចំនួនអ្នករងរបួសឬបាត់បង់ជីវិតត្រូវបានរាយការណ៍នោះទេ។
ការប៉ះទង្គិចរវាងកងទ័ពអារ៉ាកាននិងកងទ័ពរដ្ឋាភិបាលក្នុងឆ្នាំ២០១៩ បណ្ដាលឱ្យមនុស្សជាង ២០០០០០នាក់ ត្រូវជម្លៀសចេញពីរដ្ឋដ៏ក្រីក្រមួយនេះ។ ជាមួយគ្នានេះ រដ្ឋាភិបាលយោធាក៏ប្រកាសថានឹងមានសមាជិកនៃគណបក្សជាតិនិយមរ៉ាឃីនចូលរួមក្នុងគណរដ្ឋមន្រ្តីរបស់ខ្លួនផងដែរ។ ជាការពិត រដ្ឋរ៉ាឃីន ជារដ្ឋដែលមានប្រជាជនភាគតិចរ៉ូហ៊ីងយ៉ានិងប្រជាជនពុទ្ធបរិស័ទ្ធភាគច្រើន ប៉ះទង្កិចគ្នារាប់ទសវត្សមកហើយ៕
ប្រភព៖ Bangkok Post