ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ព្រមានអំពីភាពតានតឹងនៃ«សម័យសង្រ្គាមត្រជាក់»នៅតំបន់អាស៊ីប៉ាស៊ីហ្វិក
អន្តរជាតិ
133

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានព្រមានប្រឆាំងនឹងការវិលត្រលប់ទៅរកភាពតានតឹងក្នុងសម័យសង្គ្រាមត្រជាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងលើការស្តារឡើងវិញនូវជំងឺរាតត្បាតនិងការប្រែប្រួលអាកាសធាតុ។

បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលត្រូវបានបន្ទូរបន្ថយមួយផ្នែកដោយសារកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនស្តីពីអាកាសធាតុ។ លោក ស៊ី បាននិយាយថា ប្រទេសទាំងអស់នៅក្នុងតំបន់ត្រូវតែធ្វើការរួមគ្នាលើបញ្ហាប្រឈមរួមគ្នា។

លោកបានប្រាប់សន្និសីទធុរកិច្ចតាមប្រព័ន្ធអនឡាញមួយនៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកថា៖«ការប៉ុនប៉ងដើម្បីគូសបន្ទាត់មនោគមវិជ្ជាឬបង្កើតជារង្វង់តូចៗនៅលើមូលដ្ឋានភូមិសាស្ត្រនយោបាយគឺត្រូវបរាជ័យ ។ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនអាច និងមិនគួរវិលទៅរកការប្រឈមមុខដាក់គ្នា និងការបែងចែកនៃសម័យសង្គ្រាមត្រជាក់ឡើយ។»

មេដឹកនាំចិនរូបនេះបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបិទ«គម្លាតនៃភាពស៊ាំ» ដោយធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍកាន់តែងាយស្រួលក្នុងការទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ។

លោក ស៊ី បានប្រាប់កិច្ចប្រជុំកំពូល ដែលរៀបចំ ដោយ ប្រទេសនូវែលសេឡង់ថា៖«យើងគួរតែយល់ស្របថា វ៉ាក់សាំងគឺជាផលប្រយោជន៍សាធារណៈជាសកល ទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាបាននូវការចែកចាយ ដោយយុត្តិធម៌និងសមធម៌។»

លោកបានបន្ថែមថា បណ្តាប្រទេសនានាគួរតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ, ការផលិត, ការធ្វើតេស្ត, និង ការទទួលស្គាល់គ្នាទៅវិញទៅមកលើវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដើម្បីងើបចេញពីស្រមោលនៃជំងឺរាតត្បាត និង សម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៅដំណាក់កាលដំបូង ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធទី ១០ ខែវិច្ឆិកា ចិនបានបង្ហាញថា ខ្លួនបានឈានដល់ការយោគយល់គ្នាជាមួយសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Glasgow ស្តីពីការប្រែប្រួលអាកាសធាតុ ដែលជាផ្នែកដ៏សំខាន់មួយដែលរដ្ឋបាលលោក បៃដិន មើលឃើញពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។

យ៉ាងណាមិញ លោក ស៊ី មិនបាននិយាយអំពីកិច្ចព្រមព្រៀងរបស់សហរដ្ឋអាម៉េរិកដោយផ្ទាល់ទេ ប៉ុន្តែបាននិយាយថា យើងទាំងអស់គ្នាអាចដើរលើផ្លូវនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃកាបូនទាបនិងពណ៌បៃតង៕

ប្រភព៖ Channel News Asia

Telegram