មែលប៊ន៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បាននិយាយនៅថ្ងៃសៅរ៍(ទី១៣វិច្ឆិកា)ថា អូស្ត្រាលី មិនអាចសូម្បីតែ«ស្រមៃ» ថា មិនចូលរួមជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចាត់វិធានការដើម្បីការពារកោះតៃវ៉ាន់។ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងចាត់វិធានការឆ្លើយតប ប្រសិនបើចិនប្រើកម្លាំងដើម្បីកែប្រែស្ថានភាពនៃកោះតៃវ៉ាន់បច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលីលោកឌូទតុន(Dutton) ថ្លែងប្រាប់អ្នកកាសែតអូស្រ្តាលីថា អូស្ត្រាលី មិនអល់អែកនឹងចូលប្រកៀកស្មាជាមួយទ័ពអាមេរិកធ្វើអន្តរាគមន៍ឡើយ បើតៃវ៉ាន់រងការវាយប្រហារ។បន្ថែមពីនេះ លោកគិតថា សម្ព័ន្ធមិត្តគួរសម្ដែងភាពស្មោះត្រង់ចំពោះរឿងនេះ ផ្អែកលើការពិត និងកាលៈទេសៈជាក់ស្ដែង។ ផ្ទុយទៅវិញប្រហែលជាមានកាលៈទេសៈខ្លះដែលយើង(សម្ព័ន្ធមិត្ត)នឹងមិនទទួលយកជម្រើសនោះ។ បើតាមសម្ដីលោករដ្ឋមន្ត្រីដដែលនេះ។
គួរបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន បាននិយាយនៅថ្ងៃអង្គារ៍ទី០៩វិច្ឆិកាថា ខ្លួនបានបើកការត្បាតត្រៀមលក្ខណៈប្រយុទ្ធ នៅទិសដៅច្រកសមុទ្ទតៃវ៉ាន់ បន្ទាប់ពីក្រសួងការពារជាតិចិន ប្រកាសផ្កោលទោសទស្សនកិច្ចសមាជិកសភាអាមេរិកមកកោះតៃវ៉ាន់ដែលជាកោះប្រជាធិបតេយ្យ កំពុងទាមទារដោយចិន។
រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី បានប្រាប់សារព័ត៌ មានដដែលថា «ចិនបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមានបំណងវាយយកកោះតៃវ៉ាន់ ម្ល៉ោះហើយយើង(អូស្រ្តាលី)ត្រូវតែត្រៀមខ្លួនឱ្យមានកម្រិតខ្ពស់បំផុតជាមួយសមត្ថភាពវាយបកប្រកបដោយប្រសិទ្ធភាព ហេតុនេះហើយទើបយើងពង្រឹងសមត្ថភាពការពារជាតិយើងឱ្យខ្លាំង»។
ប្រទេសចិនមិនបានបំភ្លេចគម្រោងប្រើប្រាស់កម្លាំងទ័ពវាយយកតៃវ៉ាន់មកគ្រប់គ្រងនោះទេ ស្របពេលជាមួយគ្នានេះក៏បដិសេធការចោទប្រកាន់ថាខ្លួនជាអ្នកបង្ករឿងផងដែរ៕
ប្រភព៖ Channel News Asia