អន្តរជាតិ៖ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា មានទាហានរុស្ស៊ីជិត ១០ ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន ហើយថាបណ្តាប្រទេសលោកខាងលិច បានចែករំលែកព័ត៌មានអំពីចលនាសកម្មរបស់ទាហានរុស្ស៊ីជាមួយទីក្រុងកៀវ ។
បើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថាលោក Zelenskiy បាននិយាយនៅក្នុងវីដេអូនៃសុន្ទរកថា ដែលធ្វើឡើងនៅលើគេហទំព័ររបស់លោកថា៖«ឥឡូវនេះ ខ្ញុំសង្ឃឹមថាពិភពលោកទាំងមូលអាចមើលឃើញយ៉ាងច្បាស់ថា អ្នកណាពិតជាចង់បានសន្តិភាព ហើយអ្នកណាកំពុងប្រមូលផ្តុំទាហានជិត ១០ ម៉ឺននាក់នៅព្រំដែនរបស់យើង»។
ចលនា ទ័ពរបស់ រុស្ស៊ី នៅ ជិត ព្រំដែន អ៊ុយក្រែន បាន ជំរុញ ឱ្យ មាន ការ ភ័យ ខ្លាច ចំពោះ ការ វាយ ប្រហារ ដែល អាច កើត មាន។ យ៉ាងណាមិញ ទីក្រុងមូស្គូបានច្រានចោលការលើកឡើង ដោយបានបង្ហាញការភ័យខ្លាចនិងត្អូញត្អែរ អំពីការបង្កើនសកម្មភាព នៅក្នុងតំបន់ដោយសម្ព័ន្ធភាពឆ្លងអាត្លង់ទិក របស់អង្គការណាតូ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា«រុស្ស៊ី មិន គំរាម កំហែង នរណា ម្នាក់ ទេ។ «ចលនា ទ័ព នៅ លើ ទឹក ដី របស់ យើង មិន គួរ ជា មូលហេតុ សម្រាប់ ការ ព្រួយ បារម្ភ របស់ អ្នក ណា ឡើយ»។
កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហាញថា ចំនួនទាហានរុស្ស៊ី នៅជិតព្រំដែន អ៊ុយក្រែនមាន ចំនួន ៩ ម៉ឺន នាក់មិនឆ្ងាយពីព្រំដែននៃប្រទេសទាំងពីរនោះទេ។ បន្ថែមពីការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន មន្ត្រីយោធាអង់គ្លេសជាន់ខ្ពស់ម្នាក់ បានព្រមានថា ហានិភ័យនៃការផ្ទុះសង្រ្គាម ដោយចៃដន្យរវាងរុស្ស៊ី និងលោកខាងលិច នាពេលបច្ចុប្បន្ន មានភាពធំធេងជាងអំឡុងសម័យសង្រ្គាមត្រជាក់ទៅទៀត។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Times ដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះ លោកឧត្ដមសេនីយ៍ Nick Carter ជានាយសេនាធិកងទ័ពអង់គ្លេស បានលើកឡើងដូច្នេះថា «ខ្ញុំគ្រាន់តែគិតថាយើងកំពុងស្ថិតនៅក្នុងពិភពមួយ ដែលពោរពេញដោយប្រកួតប្រជែងខ្លាំងជាង១០ ឬ១៥ឆ្នាំ មុនទៅទៀត ហើយខ្ញុំយល់ថាធម្មជាតិនៃការប្រជែងគ្នារវាងបណ្ដារដ្ឋ និងកំពូលមហាអំណាច នឹងនាំទៅរកភាពតានតឹងដែលយើងទាំងអស់គ្នាត្រូវតែតាមដាន ព្រោះវាមានហានិភ័យផ្ទុះសង្រ្គាមខ្ពស់ជាងពេលណាៗទាំងអស់»។
គួរបញ្ជាក់ថា ការព្រមានរបស់លោក Nick Carter កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានអះអាងថា រុស្ស៊ីបានដាក់ពង្រាយកងទ័ពរហូតដល់ទៅជិត ១០០,០០០នាក់ នៅក្បែរព្រំដែនអ៊ុយក្រែន។ ក្រៅពីលោក Carter មន្ត្រីជាន់ខ្ពស់អាមេរិកក៏បានព្រមានពីហានិភ័យផ្ទុះសង្រ្គាមជាមួយរុស្ស៊ីផងដែរ ប៉ុន្តែខាងទីក្រុងម៉ូស្គូបានបដិសេធថាខ្លួនមិនមានគម្រោងបើក ការវាយប្រហារណាមួយឡើយ៕
ប្រភព៖ Reuters