របាយការណ៍៖ អាមេរិក លាក់បាំងការវាយឆ្មក់តាមអាកាសដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសស៊ីរី
អន្តរជាតិ
159

អន្តរជាតិ៖ កាសែត New York Times បានរាយការណ៍ថា យោធាសហរដ្ឋអាមេរិក បានបិទបាំងលើការវាយប្រហារតាមអាកាសក្នុងឆ្នាំ ២០១៩ នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់ស្ត្រីនិងកុមាររហូតដល់ ៦៤ នាក់ ដែលជាឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមានក្នុងអំឡុងពេលប្រយុទ្ធជាមួយរដ្ឋអ៊ីស្លាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការវាយប្រហារតាមអាកាស ២ នៅជិតទីប្រជុំជន បាកហ៊ូស (Baghuz) ត្រូវបានបញ្ជាដោយអង្គភាពប្រតិបត្តិការពិសេសរបស់អាម៉េរិកដែលទទួលបន្ទុកប្រតិបត្តិការជើងគោកនៅក្នុងប្រទេសស៊ីរី។

កាសែតនេះបានបង្ហាញថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាម៉េរិក ដែលមើលការខុសត្រូវលើប្រតិបត្តិការផ្លូវអាកាសរបស់សហរដ្ឋអាម៉េរិក ក្នុងប្រទេសស៊ីរី បានទទួលស្គាល់ការវាយប្រហារនេះជាលើកដំបូងក្នុងសប្តាហ៍នេះ ហើយបាននិយាយថា ពួកគេធ្វើដោយសមហេតុផល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ទី ១៣ ខែវិច្ឆិកា ទីបញ្ជាការកណ្តាលបានរំលឹកឡើងវិញនូវទិន្នន័យដែលខ្លួនបានផ្តល់ឱ្យកាសែតថាមនុស្ស ៨០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារក្នុងនោះមានអ្នកប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាម ១៦ នាក់ និង ជនស៊ីវិល ៤ នាក់។ យោធាបាននិយាយថា វាមិនច្បាស់ទេថាតើមនុស្ស ៦០ នាក់ផ្សេងទៀតជាជនស៊ីវិលឬយ៉ាងណាដោយសារតែស្ត្រីនិងកុមារក៏អាចជាអ្នកប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាមផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍យោធាបានបន្ថែមថា៖«ការវាយប្រហារនេះគឺជាការការពារខ្លួនស្របច្បាប់ ហើយវិធានការសមស្របត្រូវបានធ្វើឡើងដើម្បីការពារជនស៊ីវិល»។

ទីបញ្ជាការកណ្តាលបាននិយាយថា «យើងស្អប់ខ្ពើមចំពោះការធ្វើឱ្យបាត់បង់អាយុជីវិតជនស្លូតត្រង់ និង ចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារពួកគេ។ ក្នុងករណីនេះ យើងបានរាយការណ៍ដោយខ្លួនឯង និង ស៊ើបអង្កេតការវាយប្រហារនេះយោងតាមភស្តុតាងផ្ទាល់របស់យើង និង ទទួលខុសត្រូវទាំងស្រុងចំពោះការបាត់បង់ជីវិតដោយអចេតនា។»

ទន្ទឹមនឹងនេះ ទីបញ្ជាការកណ្តាលបានលើកឡើងថា ការវាយប្រហារនេះបានកើតឡើងខណៈពេលដែលកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ស្ថិតនៅក្រោមការបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរនិងស្ថិតក្នុងគ្រោះថ្នាក់នៃការវាយលុក ហើយ SDF បានរាយការណ៍ថា តំបន់នោះមិនមានវត្តមានជនស៊ីវិលនោះទេ។

គួរបញ្ជាក់ថា អគ្គអធិការនៃក្រសួងការពារជាតិបានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុកាលពីថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០១៩ ប៉ុន្តែរបាយការណ៍របស់វាត្រូវបានដកចេញពីការលើកឡើងណាមួយអំពីការទម្លាក់គ្រាប់បែក ហើយការស៊ើបអង្កេតឯករាជ្យហ្មត់ចត់មិនធ្លាប់មាន៕

ប្រភព៖  Al Jazeera

Telegram