ក្រុងមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទថា សមយុទ្ធដឹកនាំដោយសហរដ្ឋអាមេរិក «បង្កហេតុ»នៅសមុទ្រខ្មៅ កំពុងបង្កើនភាពតានតឹង រវាងទីក្រុងម៉ូស្គូ និងអង្គការណាតូ។
បើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំទាំងពីរបានសម្តែង«ការមិនពេញចិត្ត» ចំពោះអ្វីដែលទីក្រុងមូស្គូហៅថា«ស្ថានភាពកាន់តែអាក្រក់»នៅភាគខាងកើតអ៊ុយក្រែន។
វិមានក្រឹមឡាំងបាននិយាយថា«លោកពូទីន បានទាក់ទាញការយកចិត្តទុកដាក់ ចំពោះលក្ខណៈបង្កហេតុនៃសមយុទ្ធទ្រង់ទ្រាយធំ ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងសមុទ្រខ្មៅ ដែលកំពុងតែបង្កើនភាពតានតឹងរវាងរុស្ស៊ី និងណាតូ»។ ការលើកឡើងរបស់លោកពូទីនបានធ្វើឡើង បន្ទាប់ពីប្រទេសលោកខាងលិច បានលើកឡើងពីការព្រួយបារម្ភអំពីសកម្មភាពយោធារបស់រុស្ស៊ីនៅជិតអ៊ុយក្រែន។
កាលពីសប្តាហ៍មុន លោក ពូទីន បាននិយាយថា វិមានក្រឹមឡាំងបានចាត់ទុកសមយុទ្ធសមុទ្រខ្មៅនាពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិក និងនាវាណាតូផ្សេងទៀតថា ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ។ លោកបានប្រាប់ទូរទស្សន៍រដ្ឋថា ក្រសួងការពារជាតិរុស្ស៊ី «មានសំណើរដើម្បីធ្វើសមយុទ្ធដែលមិនបានគ្រោងទុករបស់ខ្លួននៅក្នុងដែនទឹកតែមួយ»។
យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង លោកពូទីន ក៏បានរិះគន់អ៊ុយក្រែនផងដែរចំពោះ «ការប្រើប្រាស់ថ្មីៗនេះ»នៃយន្តហោះគ្មានមនុស្សបើកនៅក្នុងជម្លោះរបស់ខ្លួនជាមួយពួកឧទ្ទាមដែលគាំទ្ររុស្ស៊ី។
បន្ថែមពីនេះ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកលោក Antony Blinken បានព្រមានក្រុងម៉ូស្គូកាលពីសប្តាហ៍មុន ប្រឆាំងនឹងការធ្វើ «កំហុសធ្ងន់ធ្ងរ»មួយទៀតលើអ៊ុយក្រែន ខណៈដែលទីក្រុងវ៉ាស៊ីនតោន ស្វែងរកភាពច្បាស់លាស់អំពីចលនាកងទ័ពនៅជិតព្រំដែន។
សហភាពអឺរ៉ុបបាននិយាយថា ខ្លួនក៏មានការព្រួយបារម្ភចំពោះសកម្មភាពយោធារបស់រុស្ស៊ីនៅជិតព្រំដែន។ ការចោទប្រកាន់នេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងសហភាពអឺរ៉ុប និងទីក្រុងមូស្គូ ជុំវិញការប្រឈមមុខដាក់គ្នានៃជនចំណាកស្រុកនៅតាមព្រំដែន រវាងប៉ូឡូញ និងសម្ព័ន្ធមិត្តវិមានក្រឹមឡាំង បេឡារុស្ស។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៤ ទីក្រុងម៉ូស្គូ បានបញ្ចូលឧបទ្វីបគ្រីមៀរបស់ទីក្រុងកៀវ ហើយចាប់តាំងពីពេលនោះមក អ៊ុយក្រែនបានប្រយុទ្ធនឹងជម្លោះជាមួយពួកឧទ្ទាមដែលគាំទ្ររុស្ស៊ី នៅភាគខាងកើតនៃប្រទេស។ ជម្លោះនេះបានឆក់យកជីវិតមនុស្សជាង១៣.០០០នាក់៕
ប្រភព៖ Bangkok Post