តុលាការរបបសឹកមីយ៉ាន់ម៉ា សម្រេចចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទ«ក្លែងបន្លំការបោះឆ្នោត»
អន្តរជាតិ
300

អន្តរជាតិ៖ មេដឹកនាំដែលត្រូវបានបណ្តេញចេញពីប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត ដោយត្រូវបានចោទប្រកាន់ពីបទ«ក្លែងបន្លំការបោះឆ្នោត និងសកម្មភាពខុស​ច្បាប់»ដោយរដ្ឋាភិបាលយោធា។

បើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា របបសឹកមីយ៉ាន់ម៉ា សម្រេចចោទប្រកាន់អតីតមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សាន ស៊ូជី(Aung San Suukyi) ថាលោកស្រីក្លែងបន្លំការបោះឆ្នោត អំឡុងពេលបោះឆ្នោតឆ្នាំ២០២០។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងភាពវឹកវរចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈ ដោយសារបាតុកម្មនិងការបង្ក្រាបដ៏សាហាវបន្តបន្ទាប់។ លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានចាប់ខ្លួនភ្លាមៗមុនរដ្ឋប្រហារប៉ុន្មានម៉ោង ក្រោមហេតុផលនាំចូលវិទ្យុទាក់ទងខុសច្បាប់ អំពើពុករលួយនិងបន្លំលទ្ធផលបោះឆ្នោត ដែលអាចឱ្យលោកស្រីជាប់ពន្ធនាគាររាប់សិបឆ្នាំ។

ការចោទប្រកាន់ចុងក្រោយនេះសម្រេចថាលោកស្រី«ក្លែងបន្លំការបោះឆ្នោតនិងបំពានច្បាប់»។ បើតាមការចេញផ្សាយរបស់កាសែតរដ្ឋ Global New Light of Myanmar ដោយមិនបានបញ្ជាក់ពីនីតិវិធីលម្អិតបន្ថែមពីលើនេះទេ។

អតីតប្រធានាធិបតីលោក Win Myint និងមន្ត្រីជាន់ខ្ពស់ ១៥នាក់ផ្សេងទៀតក៏រងការចោទប្រកាន់ដូចគ្នានេះដែរ។ប្រមុខរដ្ឋាភិបាលយោធាលោកមីន អ៊ុងឡាំងបាននិយាយថាការបោះឆ្នោតថ្មីបន្ទាប់នឹងត្រូវធ្វើឡើង ហើយការដាក់ប្រទេសក្នុងគ្រាអាសន្ននឹងត្រូវលុបចោលនៅខែសីហា ឆ្នាំ ២០២៣។

បន្ថែមពីនេះ នៅក្នុងរបាយការណ៍ស្តីពីការបោះឆ្នោតឆ្នាំ២០២០ ក្រុមឃ្លាំមើលការបោះឆ្នោតបណ្តាញអាស៊ីដើម្បីសេរីភាពបាននិយាយថា លទ្ធផលបោះឆ្នោតគឺតំណាងឆន្ទៈរបស់ប្រជាជនជាធំ៕

ប្រភព៖ BBC

Telegram