អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន(Joe Biden)កាលពីថ្ងៃអង្គារទី១៦ ខែវិច្ឆិកា បានបញ្ជាក់យ៉ាងច្បាស់ពីឯកសារយោងច្បាស់លាស់ដែលលោកមានចំពោះពាក្យថា«ឯករាជ្យ» សម្រាប់កោះតៃវ៉ាន់ ដោយនិយាយថា ជំហររបស់សហរដ្ឋអាមេរិកលើអធិបតេយ្យភាពរបស់ចិន មិនមានការផ្លាស់ប្ដូរទេ។
ការឡើងឡើងរបស់លោក បៃដិន បានកើតមានឡើងមួយថ្ងៃបន្ទាប់ ជំនួបចុងក្រោយរវាងលោកប្រធានាធិបតីបៃដិន និងលោកប្រធានាធិបតី ស៊ី ជិនពីង ដែលជជែកបញ្ហាចម្រុះ អំពីកោះប្រជាធិបតេយ្យមួយនេះដែលចិនដីគោកចាត់ទុកថាជាខេត្តរបស់ខ្លួន រង់ចាំការបង្រួបបង្រួម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្អៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
តបតាមសំណួរអ្នកកាសែតសួរថាតើប្រធានាធិបតីទាំងពីរបានសម្រេចនីតិវិធីអ្វីលើកោះតៃវ៉ាន់ដែលមិនមានចំណងការទូតផ្លូវការជាមួយអាម៉េរិកនោះ លោកប្រធានាធិបតីបៃដិន បញ្ជាក់ថា៖«លោកនឹងអនុវត្តតាមច្បាប់របស់អាមេរិកបច្ចុប្បន្ន»។
នៅក្រោមច្បាប់អាមេរិកស្ដីពីកោះតៃវ៉ាន់ សហរដ្ឋអាមេរិកមិនទទួលស្គាល់ឯករាជ្យកោះតៃវ៉ាន់នោះទេ ប៉ុន្តែប្ដេជ្ញាជួយការពារកោះនេះ។ ទោះជាយ៉ាងណាលោកប្រធានាធិបតីបៃដិន បានប្រាប់ក្រុមអ្នកកាសែតថា«ឯករាជ្យភាពរបស់តៃវ៉ាន់ គឺការសម្រេចចិត្តដោយខ្លួនឯង»។
សេតវិមានអាមេរិក មិនបានឆ្លើយតបនូវសំណើបញ្ជាក់អំពីន័យដែលលោកបៃដិនសំដៅទៅនោះទេ។ ប៉ុន្តែលោកបៃដិនក៏បានបញ្ជាក់ជាមួយគ្នានេះថា លោកមិនមានចេតនាផ្លាស់ប្ដូរគោលនយោបាយអាមេរិកចំពោះតៃវ៉ាន់នោះទេ។
មែនទែនទៅ នេះជាលើកទីបីហើយដែលលោកចូបៃដិនបានបង្ហាញទស្សនៈផ្ទុយពីគោលនយោបាយរបស់សហរដ្ឋអាមេរិក ដោយបង្ហាញពីភាពប្ដេជ្ញាគាំទ្រដាច់ខាតរបស់លោកចំពោះតៃវ៉ាន់។ សូមរំឭកថា កាលពីខែតុលា លោកប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា«ប្រាកដណាស់អាម៉េរិកប្ដេជ្ញាចិត្តធ្វើវា»។ នៅពេលអ្នកសារព័ត៌មានសួរថា តើអាមេរិកនឹងចូលទៅជួយតៃវ៉ាន់ប្រឆាំងចិនទេ?
បន្ថែមពីនេះ ការអះអាងនេះត្រូវបានមើលឃើញថា សហរដ្ឋអាមេរិកទំនងជាផ្តល់ជំនួយដល់តៃវ៉ាន់ក្នុងការការពារស្វ័យការពារខ្លួន ដើម្បីរក្សានូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានហៅថា «យុទ្ធសាស្ត្របត់បែន» ដែលលើកជាសំណួរថាតើកងកម្លាំងអាមេរិកនឹងធ្វើអន្តរាគមន៍នៅលើទឹកដីតៃវ៉ាន់ដែរឬទេ៕
ប្រភព៖ Channel News Asia