ប្រទេសអារ៉ាប់រួម៖ បើយោងតាមកាសែតថៃ The Nation ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា កងទ័ពអាកាសថៃ (RTAF) កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៤៣ លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនផលិតយន្តហោះយោធាអាមេរិក Textron Aviation Defense ក្នុងកម្មវិធី Dubai Airshow ។
នៅក្នុងកិច្ចព្រមព្រៀងនេះ យន្តហោះចម្បាំង Beechcraft AT-6 Wolverine ចំនួន ៨គ្រឿង ឧបករណ៍ជំនួយលើដី គ្រឿងបន្លាស់ និងឧបករណ៍ផ្សេងទៀត នឹងត្រូវបានទិញសម្រាប់ប្រតិបត្តិការមួយ នៅខេត្តឈៀងម៉ៃ។យន្តហោះ Beechcraft AT-6TH ត្រូវបានទិញក្នុងគោលបំណងអភិវឌ្ឍវិស័យការពារជាតិរបស់ប្រទេសថៃ។
លោក Thomas Hammoor ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Textron Aviation Defense បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអាកាសថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៤៣ លានដុល្លារអាមេរិក ទិញយន្តហោះ Beechcraft AT-6 ដើម្បីបំពេញបេសកកម្មយ៉ាងទូលំទូលាយក្នុងការគាំទ្រសន្តិសុខតាមព្រំដែន ។
គួរបញ្ជាក់ថា ប្រទេសថៃ បានទិញយន្តហោះចម្បាំង Beechcraft T-6TH Texan II ក្នុងឆ្នាំ២០២០។ ក្រុមហ៊ុនអាមេរិក Textron Aviation Defense នឹងបណ្តុះបណ្តាលអ្នកជំនាញថែទាំរបស់ទ័ពអាកាសថៃ នៅក្នុងប្រទេសថៃ ក្នុងឆ្នាំ២០២៣ ខណៈពេលដែលការបណ្តុះបណ្តាលអ្នកបើកយន្តហោះ គ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤។ យន្តហោះ Beechcraft AT-6TH នឹងចូលរួមប្រតិបត្តិការនៅទ័ពអាកាសថៃ ក្នុងឆ្នាំ២០២៤៕
ប្រភព៖ The Nation