វ៉ាស៊ីនតោន៖ សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេលជាង៣ម៉ោង ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិន ស៊ី ជីនពីង បានពិភាក្សាគ្នាអំពីការអនុវត្តរបស់ចិននៅតំបន់ទីបេ ហុងកុង និងស៊ីនជាំង ក្នុងចំណោមបញ្ហារសើបផ្សេងទៀត។
បើតាមសារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សេតវិមាននិយាយថា«ប្រធានាធិបតី បៃដិន បានលើកឡើងពីការព្រួយបារម្ភអំពីការអនុវត្តរបស់ ចិន នៅក្នុងតំបន់ ស៊ីនជាំង ទីបេ និង ហុងកុង ក៏ដូចជាបញ្ហាសិទ្ធិមនុស្សផងដែរ»។
លោក បៃដិន ក៏បានប្រាប់លោក ស៊ី ផងដែរថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្ត ចំពោះគោលនយោបាយ«ចិនតែមួយ» ទាក់ទងនឹងកោះតៃវ៉ាន់ ហើយមេដឹកនាំទាំងពីរ បានសន្យាថានឹងធ្វើការរួមគ្នាលើបញ្ហាថាមពល និងអាកាសធាតុ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយថា ផ្ទុយទៅវិញ លោក ស៊ី បានប្រាប់លោក បៃដិន ថាប្រទេសរបស់លោកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកងកម្លាំង គាំទ្រឯករាជ្យភាពតៃវ៉ាន់ ឆ្លងកាត់បន្ទាត់ក្រហម។ លោកបានព្រមានលោក បៃដិន ថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ ប្រៀបដូចនឹងការប្រលែងលេងជាមួយភ្លើង។ លោក ស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ(Xinhua) ដោយបន្ថែមថា អាជ្ញាធរតៃវ៉ាន់បានព្យាយាមម្តងហើយម្តងទៀតដើម្បីពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់ឯករាជ្យ។ និន្នាការ នេះ មាន គ្រោះថ្នាក់ ខ្លាំង ណាស់ ដូច ជាកំពុង លេងជាមួយ ភ្លើងអ៊ីចឹង ហើយ អ្នក ដែល លេង ភ្លើង នឹង ត្រូវ រលាក។
គួរបញ្ជាក់ជាថ្មីថា ចិន អះអាងថា កោះ តៃវ៉ាន់ដែល គ្រប់គ្រង ខ្លួនឯង គឺ ជា របស់ខ្លួន ។ ទីក្រុងប៉េកាំង បានប្តេជ្ញាថានឹងនាំយកកោះនេះមកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនដោយកម្លាំងប្រសិនបើចាំបាច់៕
ប្រភព៖ Channel News Asia