ហ្វីលីពីន ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពឆ្មាំសមុទ្រចិន នៅសមុទ្រចិនខាងត្បូង
អន្តរជាតិ
397

ម៉ានីល៖ ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ (១៨ វិច្ឆិកា) បានថ្កោលទោស​ យ៉ាងខ្លាំងចំពោះសកម្មភាពរបស់នាវាឆ្មាំសមុទ្រចិនចំនួន ៣ ដែលបានរារាំងនិងប្រើប្រាស់កាណុងបាញ់ទឹកលើទូកដឹកទំនិញរបស់ទីក្រុងម៉ានីល ដែលកំពុងធ្វើដំណើរទៅកាន់ដែនទឹក ដែលកាន់កាប់ដោយហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូង។

បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin បាននិយាយថា៖«គ្មានអ្នកណាម្នាក់រងរបួស ក្នុងអំឡុងពេលឧប្បត្តិហេតុថ្ងៃទី ១៦ ខែវិច្ឆិកានៅឯតំបន់ Second Thomas Shoal ប៉ុន្តែទូកហ្វីលីពីន ដែលកំពុងដឹកជញ្ជូនអាហារ ដល់បុគ្គលិកយោធា ដែលមានមូលដ្ឋាននៅទីនោះ ត្រូវលុបចោលបេសកកម្មរបស់ពួកគេ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Locsin បាននិយាយថា ទង្វើរបស់ឆ្មាំសមុទ្រចិនគឺខុសច្បាប់ ហើយលោកបានក្រើនរំលឹកដល់ចិនថា នាវាសាធារណៈត្រូវបានគ្របដណ្តប់ដោយសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងហ្វីលីពីន-សហរដ្ឋអាម៉េរិក។

លោក Locsin បានបង្ហាញការខឹងសម្បារ​, ការថ្កោលទោស និង ការតវ៉ារបស់ហ្វីលីពីនចំពោះឧប្បត្តិហេតុនេះទៅកាន់ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល។

លើសពីនេះ លោក Locsin បានព្រមានថា ការខកខានរបស់ទីក្រុងប៉េកាំងក្នុងការអនុវត្តការអត់ធ្មត់ដោយខ្លួនឯងបានគំរាមកំហែងដល់ទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសរូបនេះបានបញ្ជាក់ថា ចិនមិនមានសិទ្ធិអនុវត្តច្បាប់នៅក្នុងនិងជុំវិញតំបន់ទាំងនេះទេ។ ពួកគេត្រូវតែយកចិត្តទុកដាក់ និង ឈប់ធ្វើទង្វើបែបនេះ ។

ស្ថានទូតចិននៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីប្រព័ន្ធផ្សព្វផ្សាយនោះទេ៕ 

ប្រភព៖ Channel News Asia

Telegram