តៃវ៉ាន់៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈ លោកស្រីផ្ទាល់ប្រកាសផ្ទេរភារកិច្ច ឱ្យកងកម្លាំងយន្ដហោះចម្បាំងស៊េរីថ្មី F-16V ដើម្បីពង្រឹងវិស័យការពារជាតិ នៃដែនកោះមួយនេះចំពោះមុខភាពតានតឹងជាមួយចិន។
សមយុទ្ធយោធាចិននិងអាមេរិកជាញឹកញាប់នៅក្នុងតំបន់ បានបង្កើនការភ័យខ្លាចនៃជម្លោះដែលកើតឡើង ដោយសារវិបត្តិលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។
នេះតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្លែងនៅឯពិធីមួយនៅថ្ងៃព្រហស្បតិ៍នេះ នៅមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Chiayi ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានសង្កត់ធ្ងន់ថាគម្រោងអភិវឌ្ឍយន្ដហោះ ចម្បាំង F-16 ស៊េរីធម្មតា ទៅជាយន្ដហោះចម្បាំងស៊េរីទំនើប F-16V បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងរឹងមាំនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ លោកស្រី បានបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំជឿជាក់ថាដរាបណា យើងចូលរួមការពារតម្លៃប្រជាធិបតេយ្យ និងសេរីភាព នោះច្បាស់ណាស់បណ្ដាប្រទេសដែលមានគំនិតដូចគ្នានេះ នឹងឈរនៅប្រកៀកស្មាជាមួយពួកយើង»។
សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់នោះទេ ប៉ុន្តែជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់របស់កោះនេះ និងអ្នកផ្គត់ផ្គង់អាវុធ ចំពោះការខឹងសម្បាររបស់ទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា តៃវ៉ាន់មានយន្ដហោះចម្បាំង F-16A និង F-16B សរុប១៤១គ្រឿង ហើយក្នុងនោះមាន ៦៤គ្រឿង ត្រូវអភិវឌ្ឍដំឡើងស៊េរីទៅជាយន្ដហោះ F-16V។ គម្រោងអភិវឌ្ឍយន្ដហោះចម្បាំងនេះមានទំហំទឹកប្រាក់ ៣.៩៦ពាន់លានដុល្លារ និងដឹកនាំដោយក្រុមហ៊ុនអាមេរិក Lockheed Martin និងក្រុមហ៊ុនអាវុធ Aerospace Industrial Development (AIDC) របស់តៃវ៉ាន់៕
ប្រភព៖ Reuters